មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា (CPC) ក៏ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ចាន់ សុគុឌ្ឍ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា (CPC) នេះជាសមិទ្ធផល នៃផ្ទាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាម្ហូបអាហារ (FTRIP) ដែលបង្កើតឡើងដោយគម្រោងអភិវឌ្ឍន៍ជលផលក្រោយ ប្រមូលផល (CAPFISH-Capture) ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU)។
សេចក្តីប្រកាសព័ត៌មានរួម ស្តីពី «ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា (CPC)» បានឱ្យដឹងថា កិច្ចដំណើរការរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា គឺជាការបោះជំហានដ៏សំខាន់មួយដើម្បីលើកកម្ពស់ភាព ប្រកួតប្រជែងនិងនិរន្តរភាពរបស់ឧស្សាហកម្មម្ហូបអាហារនៅកម្ពុជា។ តាមរយៈការផ្តល់នូវដំណោះស្រាយផ្នែកវេចខ្ចប់បែបនវានុ វត្តន៍និងនិរន្តរភាព មជ្ឈមណ្ឌលនេះមានគោលបំណងលើកកម្ពស់សន្តិសុខស្បៀង កាត់បន្ថយកាកសំណល់ និងដើម្បីឱ្យព្រះ រាជាណាចក្រកម្ពុជាឈានមុខនៅក្នុងវិស័យកែច្នៃម្ហូបអាហារប្រកបដោយនិរន្តភាព ។
ការវេចខ្ចប់បែបនវានុវត្តន៍ គឺមានសារៈសំខាន់យ៉ាងខ្លាំងដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសំខាន់ៗដែលក្រុមហ៊ុន សហគ្រាសកែច្នៃម្ហូបអាហារនៅក្នុងវិស័យឯកជនជួបប្រទះ រួមមានកាកសំណល់ម្ហូបអាហារ និងការបាត់បង់ក្នុងដំណើរការកែច្នៃ និងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ ការវាយតម្លៃជាផ្លូវការលើទិដ្ឋភាពរួមនៃការវេចខ្ចប់ក្នុងវិស័យកសិពាណិជ្ជកម្ម និងម្ហូបអាហារ បានគូសបញ្ជាក់យ៉ាងច្បាស់ពីបញ្ហាប្រឈមទាំងនេះ និងកំណើននៃតម្រូវការនូវដំណោះស្រាយនៃការវេចខ្ចប់ ប្រកបដោយប្រសិទ្ធភាព។
លោក សេតធី ស៊ីថារ៉ាម៉ា ថមប្លាធូ ប្រធានទីប្រឹក្សាបច្ចេកទេសអង្គការ UNIDO នៃគម្រោង CAPFISH- Capture ដែលអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FIA) និងអង្គការ UNIDO បានលើកឡើងថា «ការបង្កើតមជ្ឈមណ្ឌល អភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា គឺជាការឆ្លើយតបជាយុទ្ធសាស្រ្តចំពោះបញ្ហាប្រឈមខាងលើ ផ្តល់នូវដំណោះស្រាយប្រកបដោយនវា នុវត្តន៍ដែលនឹងលើកកម្ពស់ភាពប្រកួតប្រជែងនិងនិរន្តរភាពរបស់អាជីវកម្មម្ហូបអាហារនៅក្នុងស្រុក។
លោកបន្តថា មុខងារសំខាន់ៗរបស់មជ្ឈមណ្ឌលរួមមាន ការស្រាវជ្រាវនិងអភិវឌ្ឍន៍ដោយផ្តល់នូវដំណោះស្រាយទំនើបៗ ឱ្យបាន សមស្របទៅតាមតម្រូវការរបស់សហគ្រាសក្នុងស្រុកនិងការបណ្តុះបណ្តាលកសាងសមត្ថភាព ដើម្បីបំពាក់បំប៉នជំនាញដែល ចាំបាច់សម្រាប់ការវេចខ្ចប់ផលិតផលម្ហូបអាហារប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព៕