លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងការងារ បានចុះបញ្ជិកាអង្គការវិជ្ជាជីវៈសរុបចំនួន ៦ ៤៩១។
លោកថ្លែងបែបនេះ ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” ដែលប្រារព្ធធ្វើឡើង កាលទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីតំណាងស្ថានទូត អង្គការ សមាគម សហភាពសហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន និងកម្មករនិយោជិតសរុបប្រមាណជាង ២០០០នាក់។
នាឱកាសនោះ លោក ហេង សួរ បានឱ្យដឹងថា រាជរដ្ឋាភិបាល បាននិងកំពុងបន្តលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងលិខិតបទដ្ឋានការងារអន្តរជាតិនានា។ លោកបន្តថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជិកាអង្គការវិជ្ជាជីវៈសរុបចំនួន ៦ ៤៩១ ក្នុងនោះសហភាពសហជីពមានចំនួន ៤២, សហព័ន្ធសហជីពមានចំនួន ២៨០, សហជីពមូលដ្ឋានមានចំនួន ៦ ១៥៧, និងសមាគមនិយោជកមានចំនួន ១២។
បន្ថែមពីនេះ លោក ហេង សួរ ក៏បានអំពាវនាវដល់សហជីពទាំងអស់នៅកម្ពុជា ត្រូវគោរពឆន្ទៈគ្នាទៅវិញទៅមក ដោយយកការពិភាក្សាជាមួយគ្នាត្រង់ទៅត្រង់មក ដើម្បីដោះស្រាយបញ្ហារួមគ្នាប្រកបដោយប្រសិទ្ធភាព មានទំនាក់ទំនងល្អក្នុងវិជ្ជាជីវៈ និងសុខដុមនីយកម្មរួមគ្នា។
គួរបញ្ជាក់ដែរថា ចំពោះចំនួនសមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃវិញ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួន ៦ ៤៤៩ ក្នុងនោះសមាគមមានចំនួន២ ៧៦០, អង្គការក្រៅរដ្ឋាភិបាល ចំនួន៣ ៥៣៦, សមាគមជនជាតិដើមភាគតិចចំនួន ១៥៣។ ទន្ទឹមនេះ សម្រាប់វិស័យសារព័ត៌មាន បច្ចុប្បន្ននេះមានស្ថាប័នព័ត៌មានទាំងបុរាណ និងទំនើប បានចុះបញ្ជីនៅក្រសួងព័ត៌មានមានជាង ២ពាន់អង្គភាព រួមមាន គេហទំព័រ ទូរទស្សន៍អនឡាញ, កាសែត, សមាគមសារព័ត៌មាន, ទស្សនាវដ្តី, ទីភ្នាក់ងារព័ត៌មានបរទេស និងការិយាល័យតំណាង ស្ថានីយវិទ្យុ FM និងវិទ្យុ AM ជាដើម។ ទាំងនេះបង្ហាញថា កម្ពុជាមានលំហសិទ្ធិសេរីភាពយ៉ាងពេញលេញ។ នេះបើតាមការបញ្ជាក់បន្ថែមពី លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ៕អត្ថបទ៖ ហ្សាលីន