រយៈពេល៤ឆ្នាំ ក្រសួងទេសចរនឹងបណ្តុះបណ្តាលយុវជនប្រមាណ ៣,៥២០រូបលើវិស័យបដិសណ្ឋារកិច្ច

សង្គម​ និង​សេដ្ឋកិច្ច

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់ផែនការបណ្តុះបណ្តាលយុវជនឱ្យបាន ៣,៥២០រូប ចាប់ពីឆ្នាំ២០២៤ ដល់២០២៨ តាមរយៈ «កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា(HoKa)»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយទទួលបានជោគជ័យដំណាក់កាលទី១ និងទី២ «កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨” បានត្រូវដាក់ឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី៩ ខែធ្នូ ។

ថ្លែងក្នុងពិធីដាក់ដំណើរការគម្រោងកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ គម្រោងហូកា សហការជាមួយអង្គការស្វីសខន់ថាក់ និងភាគីពាក់ព័ន្ធ បានបណ្តុះបណ្តាលយុវជនក្រីក្រងាយរងគ្រោះ ម្ចាស់អាជីវកម្មអ្នកគ្រប់គ្រង និងអ្នកជំនាញទេសចរណ៍សរុបចំនួន ៦,៣៩៧នាក់ តាំងពីការអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ដំណាក់កាលទី១ ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន ហើយកម្មវិធីនេះត្រូវបានទទួលស្គាល់ទូទាំងប្រទេសជាកម្មវិធីបណ្តុះបណ្តាលមានគុណភាព ស្របតាមតម្រូវការជំនាញរបស់មូលដ្ឋានអាជីវកម្ម មានឯកសារបណ្តុះបណ្តាលស្តង់ដាច្បាស់លាស់ ព្រមទាំងមានធនធានគ្រូបង្គោលល្អៗប្រកបដោយសមត្ថភាពខ្ពស់។

លោក Reto Grueninger  នាយកទីភ្នាក់ងារស្វីសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) លោក Pius Frick  តំណាងភ្នាក់ងារលីចតេស្ទីន និងលោក Daniel Nugraha នាយកប្រចាំប្រទេសរបស់អង្គការ ស្វីសខន់ថាក់ប្រចាំកម្ពុជា បានបង្ហាញជំហរគាំទ្រយុទ្ធសាស្ត្របណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍របស់ក្រសួងទេសចរណ៍និងបានបន្តគាំទ្រផ្នែកហិរញ្ញវត្ថុនិងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ដើម្បីអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា(HoKa) ក្នុងដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨ ដោយនឹងធ្វើការបណ្តុះបណ្តាលអ្នកជំនាញសរុបចំនួនប្រមាណ៣,៥២០រូបសម្រាប់ខេត្តគោលដៅចំនួន១២ទូទាំងប្រទេសរួមមាន៖ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី កំពង់ឆ្នាំង កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យនិងឧត្តរមានជ័យ។

សូមជម្រាបផងដែរថា ក្រសួងទេសចរណ៍បានដាក់ចុះនូវយុទ្ធនាការ៖ “បុគ្គលិកម្នាក់ ជំនាញមួយ (OneEmployee, One Skill)” ដែលមានចក្ខុវិស័យ ធ្វើយ៉ាងណាឲ្យអ្នកជំនាញទាំងអស់មានជំនាញ និងសមត្ថភាពទទួលស្គាល់ស្របតាមស្តង់ដាជាតិ និងអាស៊ាន បង្កើតឱកាសការងារដល់យុវជនដើម្បីទទួលបានការងារនិងប្រាក់ចំណូលសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់។ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ នឹងចូលរួមដោយផ្ទាល់ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDG 4 ដែលចែងថា “ធានាឲ្យបាននូវការអប់រំបណ្តុះបណ្តាលប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន ព្រមទាំងលើកកម្ពស់ការសិក្សាពេញមួយជីវិត(LifeLong Learning)ដល់ជនគ្រប់រូប” និង SDG 8 ចែងថា“ជំរុញកំណើនសេដ្ឋកិច្ច និងការងារសមរម្យដល់ជនគ្រប់រូប”៕