ម្ចាស់អាជីវកម្មកែច្នៃត្រីងៀតលក្ខណៈគ្រួសារ មួយកន្លែងនៅខេត្តសៀមរាបបានឱ្យដឹងថា បច្ចុប្បន្ននេះពលរដ្ឋក្នុងតំបន់ងាកមកចាប់អារម្មណ៍ប្រើប្រាស់ផលិតផលត្រីងៀតចិញ្ចឹមដោយកសិករក្នុងស្រុកច្រើន ខុសប្លែកជាងពីពេលមុនៗយល់ថាការបរិភោគត្រីដែលចិញ្ចឹមអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព។
អ្នកស្រី ផៃ គឹមសុង ម្ចាស់សិប្បកម្មកែច្នៃត្រី នីតាត្រីងៀតសៀមរាប បានឱ្យដឹងថា មុខរបរកែច្នៃត្រីងៀតមួយនេះអ្នកស្រីចាប់ផ្តើមនៅឆ្នាំ២០២០ រហូតមកដល់សព្វថ្ងៃនេះផលិតមានការគាំទ្រច្រើនជាងពេលមុន។ ពីមុនប្រជាពលរដ្ឋនៅតាមតំបន់មិនសូវចូលចិត្តហូបត្រីចិញ្ចឹមនៅក្នុងស្រុកទេ ព្រោះខ្លាចប៉ះពាល់ដល់សុខភាពក្រោយពេលទទួលទាន ប៉ុន្តែមកដល់សព្វថ្ងៃនេះពលរដ្ឋងាកមកចាប់អារម្មណ៍មកលើផលិតផលត្រីចិញ្ចឹម ដោយសារការចិញ្ចឹមមានការផ្គត់ផ្គង់ចំណីត្រឹមត្រូវ ដែលមិននាំឱ្យប៉ះពាល់ទៅដល់សុខភាពអ្នកបរិភោគ។
បើតាមម្ចាស់សិប្បកម្មកែច្នៃត្រីងៀតខាងលើ មុនចាប់ផ្តើមប្រមុខរបរកែច្នៃត្រីងៀត អ្នកស្រីជាបុគ្គលិកសណ្ឋាគារខាងបដិសណ្ឋារកិច្ចមួយកន្លែងនៅខេត្តសៀមរាប ប៉ុន្តែដល់ពេលសម័យកូវីដ១៩ សណ្ឋាគារចាប់ផ្តើមបិទអាជីវកម្ម អ្នកស្រីបានងាកមកប្រកបមុខរបរកែច្នៃត្រីងៀតតាំងពីពេលនោះរហូតមកដល់ពេលឥឡូវនេះ។
អ្នកស្រីបញ្ជាក់ថា “មុខរបរកែច្នៃត្រីងៀតនេះគ្រួសារគាត់គាំទ្រ ដោយសារខ្ញុំចេះប្រឡាក់ត្រីឱ្យគាត់ហូបមានរសជាតិឆ្ងាញ់ យើងគួរសាកល្បងធ្វើត្រីងៀតលក់។ លុះដល់ពេលខ្ញុំចាប់ផ្តើមធ្វើក៏មានការគាំទ្រពីប្រជាពលរដ្ឋក្នុងតំបន់ ហើយដឹងដល់ខាងអង្គការ CAST គេក៏ឱ្យចូលនៅក្នុងគម្រោងរបស់អង្គការមកដល់សព្វថ្ងៃ”។
អ្នកស្រីបន្តថា មុខរបរមួយនេះ វាបានចូលរួមចំណែកលើកស្ទួយជីវភាពគ្រួសារបានច្រើននិងបានជួយដល់ប្រជាជនមួយចំនួននៅក្នុងតំបន់ផងដែរ នៅពេលយើងខ្វះកម្លាំងពលកម្ម និងនៅក្នុងមួយខែអាចផលិតបានត្រីងៀតសម្រាប់លក់នៅលើទីផ្សារបានប្រមាណ៥០០គីឡូក្រាម។
គួរបញ្ជាក់ផងដែរ ថ្មីៗក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានរៀបចំពិព័រណ៍វារីវប្បកម្មឆ្នាំ២០២៤ ក្នុងគោលបំណងផ្សព្វផ្សាយយគុណភាព និងការអភិវឌ្ឍវារីវប្បកម្ម ហើយនៅក្នុងនោះ មានចំណុចសំខាន់មួយគឺ ចង់កែប្រែទស្សនៈអ្នកបរិភោគផលិតផលបានមកពីវារីវប្បកម្ម ដែលតែងតែគិតថាត្រីចិញ្ចឹមកម្ពុជាមិនមានសុវត្ថិភាពនិងគ្មានអនាម័យ និង បំផុសចលនាសាធារណៈជនឱ្យចូលរួមផុសផុលឱ្យមានការគាំទ្រផលិតផលវារីវប្បកម្មក្នុងស្រុក៕