លោក កើត ឆែ ភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១០ ខែធ្នូនេះថា ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី គិតមកដល់ពេលនេះ ការដ្ឋានទាំងមូល សម្រេចបានប្រមាណ២៥%ហើយ គ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិកា ចំនួន ១៦,២០០,៥០០ដុល្លារអាមេរិកសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ ចំនួន១២ខែ។

លោកបន្តថា គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ស្ពានជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ, បណ្ដោយតួស្ពាន ២៨១ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមក ខាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែង ១៨០ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ ១៦១ម៉ែត្រ។
សូមបញ្ជាក់ថា ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់ រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ស្ពានអាកាសនេះជាស្ពានទី៩ ក្នុងចំណោមស្ពានអាកាសទាំង៩នៅរាជធានីភ្នំពេញ ដែលបានបើកការដា្ឋនសាងសង់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤៕




