កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណង របស់ជប៉ុនចំនួន ១.០០១ លានយ៉េន (ប្រមាណ ៧,២ លានដុល្លារ អាមេរិក) ដល់កម្ពុជាលើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.០០១ លានយ៉េន (ប្រមាណ ៧,២ លានដុល្លារ អាមេរិក) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
ក្រសួងការបរទេសបានគូសបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណងនេះ មានគោលបំណងអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុន ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
លើសពីនោះ ជំនួយនេះក៏នឹងរួមចំណែកក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរផងដែរ៕