សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលនឹងពង្រីកការផ្តល់សេវាសុខាភិបាលបន្ថែមទៀត ពោលគឺរដ្ឋាភិបាលប្តេជ្ញាជំរុញការធ្វើទំនើបកម្មសេវាសុខាភិបាលឱ្យកាន់តែប្រសើរ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ “មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល” រាជធានីភ្នំពេញ កាលព្រឹកថ្ងៃអង្គារ ទី១០ ធ្នូ ២០២៤។
នាឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ និងអ្នកគ្រូពេទ្យនាពេលកន្លងមក ដែលបានយកចិត្តទុកដាក់ ខ្ពស់ចំពោះការបម្រើសេវាសុខភាពជូនដល់ប្រជាពលរដ្ឋនោះ។ទន្ទឹមគ្នានេះ សម្តេចធិបតីថា យើងចង់បានគោលនយោបាយសុខាភិបាលដែលរឹងមាំ គឺយើងត្រូវដាក់ចេញនូវគោលនយោបាយជាក់ស្ដែង គឺមិនមែនគ្រាន់តែចង់ហើយមិនធ្វើនោះទេ ខណៈមកដល់ម៉ោងនេះ កម្ពុជាមានមន្ទីរពេទ្យបង្អែក ១២៥ កន្លែង។
បន្ថែមពីនេះ សម្តេចថា រាជរដ្ឋាភិបាល ប្តេជ្ញានឹងពង្រីកការផ្តល់សេវាសុខាភិបាលឱ្យកាន់តែមានទំនើបកម្មបន្ថែមទៀត ពោលគឺឱ្យគ្រប់ច្រកល្ហកទាំងអស់ ខណៈរាជរដ្ឋាភិបាលបានចាត់ទុកមនុស្សដែលមានសុខភាពល្អ គឺអាចជួយខ្លួនឯង ជួយគ្រួសារ និងសង្គមជាតិ។
ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ក៏បានបញ្ជាក់ពីការជំរុញឱ្យធ្វើទំនើបកម្មក្នុងការពិគ្រោះយោបល់ព្យាបាល ឬវះកាត់ពលរដ្ឋ ដែលមានជំងឺនៅតាមបណ្ដាខេត្ត ឱ្យបានទាន់ពេលវេលា ក្នុងនោះក្រសួងសុខាភិបាលត្រូវសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលដៅធ្វើយ៉ាងណាផ្ដល់សេវាល្អ ព្យាបាលប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាផងដែរ៕