កាលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល តម្លៃ៦៧លានដុល្លារអាមេរិក ជាផ្លូវការហើយ។
ក្រសួងសុខាភិបាល បានឱ្យដឹងថា មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាងសង់នៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លើផ្ទៃដីសរុបជាង ២ម៉ឺនម៉ែត្រការ៉េ ក្នុងនោះដីសាងសង់អគារមានទំហំជិត ៥ពាន់ម៉ែត្រការ៉េ។
អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនេះដែរ មានកម្ពស់៨ជាន់ រាប់បញ្ចូលទាំងជាន់ក្រោមដីផងដែរ។ អគារនេះ មានទំហំសរុបជិត៣ម៉ឺនម៉ែត្រការ៉េ ប្រើពេលសាងសង់២៨ខែ ប្រើប្រាស់ថវិកាប្រមាណជិត៦៧លានដុល្លារអាមេរិក។
គម្រោងអគារមន្ទីរពេទ្យត្រូវបានគិតគូរ និងបែងចែកការប្រើប្រាស់ដូចខាងក្រោម៖-ជាន់ក្រោមដី៖ ប្រើជាឃ្លាំងកណ្តាល បន្ទប់រក្សាសាកសព ផ្នែកអគ្គីសនី ទឹក និងមេកានិច ផ្នែកអនាម័យបោកគក់ និងសម្លាប់មេរោគ ផ្នែកជួសជុលថែទាំសម្ភារៈបរិក្ខារ ផ្នែកឱសថស្ថានសម្រាប់ជំងឺសំរាកពេទ្យ និងអាហារដ្ឋានសម្រាប់បុគ្គលិក។-ជាន់ផ្ទាល់ដី៖ ផ្នែករូបភាពវេជ្ជសាស្ត្រ ផ្នែកពិគ្រោះជំងឺក្រៅចំនួន៣២បន្ទប់ ផ្នែកសង្គ្រោះ បន្ទាន់ចំនួន ២២គ្រែ ផ្នែកឱសថស្ថានសម្រាប់ជំងឺក្រៅ និងកន្លែងទទួលភ្ញៀវ។
-ជាន់ទី១៖ ផ្នែកកោសិកាកាយវិភាគវិទ្យា មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ផ្នែកពិនិត្យអង់ដូស្កុប ផ្នែកពិគ្រោះជំងឺក្រៅចំនួន២៣បន្ទប់ កៅអីពិនិត្យធ្មេញចំនួន៥កៅអី ផ្នែកលាងឈាម មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបន្ត ឬ ហៅថា Simulation Center។-ជាន់ទី២៖ ផ្នែកប្រពោធនកម្ម (ICU) ចំនួន១៥គ្រែ ផ្នែកសល្យសាស្រ្តដែលមានបន្ទប់វះកាត់ធម្មតាចំនួន ៥បន្ទប់ បន្ទប់វះកាត់សិបទិកចំនួន១បន្ទប់ បន្ទប់សិក្សាវះកាត់ផ្ទាល់ចំនួន១បន្ទប់ ។ ជាន់ទី៣៖ ផ្នែកសម្ភពនិងរោគស្រ្តីចំនួន២២គ្រែ ផ្នែកទារកចំនួន១០គ្រែ ផ្នែកប្រពោធនកម្មទារកចំនួន១០គ្រែ ផ្នែកស្តារនីតិសម្បទា។
-ជាន់ទី៤៖ មជ្ឈមណ្ឌលទិន្នន័យ ផ្នែកអប់រំនិងស្រាវជ្រាវ ផ្នែករក្សាព័ត៌មានអ្នកជំងឺ និងការិយាល័យរដ្ឋបាល និងផ្នែកសម្រាប់ជំងឺត្រូវនៅដោយឡែកប្រើបន្ទប់សម្ពាធអវិជ្ជមានចំនួន៥គ្រែ។-ជាន់ទី៥៖ ផ្នែកអ្នកជំងឺសម្រាកពេទ្យមានចំនួនសរុប៧០គ្រែ និង-ជាន់ទី៦៖ ផ្នែកអ្នកជំងឺសម្រាកពេទ្យមានចំនួនសរុប៧៣គ្រែ៕ អត្ថបទ៖ ហ្សាលីន