សម្តេចតេជោ ស្នើឱ្យមានការនាំចេញអង្ករកម្ពុជាទៅអារ៉ាប៊ីសាអូឌីត  ខណៈកម្ពុជាមានប្រព័ន្ធស្រោចស្រពល្អជាងមុន និងមានអតិរេកស្រូវ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា  បានស្នើដល់ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតថា ប្រទេសយើងទាំងពីរគួរចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការស្នូល តាមរយៈកម្ពុជានាំចេញអង្ករមកអារ៉ាប៊ីសាអូឌីត  ដោយសារកម្ពុជាមានប្រព័ន្ធស្រោចស្រពល្អជាងមុន និងមានអតិរេកស្រូវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ ស្នើបែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤  នៅវិមានរដ្ឋសភា រាជធានីរីយ៉ាដ។

បន្ទាប់ពីធ្វើការស្វាគមន៍ទៅវិញទៅមករវាងប្រទេសទាំងពីរហើយនោះ សម្តេចតេជោ បានលើកឡើងថា ទស្សនកិច្ចពេលនេះនឹងជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរបន្ថែមទៀត ជាពិសេសការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ទេសចរណ៍ និងកីឡា ព្រមទាំងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។

ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បានស្នើដល់លោកប្រធានសភា ថាប្រទេសយើងទាំងពីរគួរចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការស្នូល តាមរយៈកម្ពុជានាំចេញអង្ករមកអារ៉ាប៊ីសាអូឌីត  ដោយសារកម្ពុជាមានប្រព័ន្ធស្រោចស្រពល្អជាងមុន និងមានអតិរេកស្រូវ។

លើសពីនេះ សម្តេចតេជោ ក៏បានស្នើលោកប្រធានសភា ជំរុញវិនិយោគិនអារ៉ាប៊ីសាអូឌីត ឱ្យមកវិនិយោគរៀបចំម៉ាស៊ីនកិនស្រូវ ស្តុក និងវេចខ្ចប់ នៅកម្ពុជា សម្រាប់នាំចេញអង្ករមកប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសនានាក្នុងតំបន់។

សម្តេចបាន បន្ថែមថាមិនមានប្រទេសច្រើនផ្តល់ឱកាសឱ្យវិនិយោគដោយផ្ទាល់ដូចនេះទេ។ អារ៉ាប៊ីសាអូឌីតមានសន្តិសុខថាមពល រីឯកម្ពុជា មានសន្តិសុខស្បៀង។ ប្រទេសយើងទាំងពីរអាចបំពេញបន្ថែមគ្នាទៅវិញទៅមក។

ជាកិច្ចឆ្លើយតប ប្រធានសភាអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថាការលើកឡើងនេះរបស់ សម្តេចតេជោ មានសារៈសំខាន់ណាស់ ហើយលោកនឹងយកចិត្តទុកដាក់ និងយកទៅពិចារណា។

សូមជម្រាបថា ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៧៥ ៥៦២ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់ទីផ្សារគោលដៅចំនួន ៦៧ ដោយគិតជាទឹកប្រាក់បានចំនួន ៤១៣.៩០លានដុល្លារសហរដ្ឋអាមេរិក។

ក្នុងនោះអង្ករកម្ពុជាបាននាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​២៦, ទៅកាន់ប្រទេសចិន ​រួមទាំងហុងកុង និងម៉ាកាវ,ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេស,និងបាននាំចេញទៅកាន់ គោលដៅ ៣១ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ៕