លោក នឹម ឈុន្នី៖ គន្លឹះ ៣យ៉ាង ជួយកាត់បន្ថយភាពតានតឹង

សង្គម​ និង​សេដ្ឋកិច្ច

ស្ត្រេសឬភាពតានតឹង គឺជាហេតុផលចម្បងមួយក្នុងចំណោមហេតុផលដទៃទៀតដែលកើតមាននៅកន្លែងការងារ ឬនៅក្នុងជីវិតប្រចាំថ្ងៃ។ នេះជាសំណេរលើទំព័រហ្វេសបុក លោក នឹម ឈុន្នី គ្រូបង្វឹកផ្នែកអប់រំ និងសមាធិ ហើយលោកជាសហស្ថាបនិក និង នាយកប្រតិបត្តិ ក្រុមហ៊ុន បណ្តុះបណ្តាល Vipassa។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គ្រូបង្វឹកផ្នែកសមាធិ ដ៏មានប្រជាប្រិយភាពម្នាក់នៅកម្ពុជារូបនេះ បានឲ្យដឹងថា ជាការពិតណាស់ ការបំបាត់ភាពតានតឹងមិនមែនជាអ្វីដែលយើងអាចធ្វើបានក្នុងមួយថ្ងៃនោះទេ។ ប៉ុន្តែវាត្រូវការពេលវេលា និងការយកចិត្តទុកដាក់ដ៏ពេញលេញដើម្បីធ្វើការផ្លាស់ប្តូរ។
កូនអ្នកស្រុកស្រីសន្ធររូបនេះ បញ្ជាក់ថា នៅក្នុងសំនេរដ៏ខ្លីមួយនេះខ្ញុំសុំចែករំលែកនូវគន្លឹះ សាមញ្ញៗ ៣យ៉ាង ដែលមានប្រសិទ្ធភាពដល់អ្នកទាំងអស់គ្នា!

១. ដង្ហើម
បិទភ្នែករបស់អ្នកមួយភ្លែត ដកដង្ហើមចូលតាមច្រមុះរបស់អ្នក ទប់វារយៈពេលពីរ បីវិនាទី បន្ទាប់មកសម្រួលដង្ហើម។ ហើយដកដង្ហើមចេញចូលតាមច្រមុះរបស់អ្នកដោយសង្កេតទៅលើចលនាខ្យល់ ដោយគិតក្នុងចិត្តថា “ខ្ញុំដកដង្ហើមចូលដោយការព្យាបាល ដកដង្ហើមចេញពីភាពតានតឹង” សារចុះសារឡើង។​

២. ធ្វើលំហាត់ប្រាណ
អារម្មណ៍ស្ត្រេសពេលខ្លះអាចកើតឡើងនៅពេលរាងកាយរបស់យើងពោពេញដោយថាមពលអវិជ្ជមាន ដូច្នេះហើយនៅពេលយើងធ្វើលំហាត់ប្រាណ វាធ្វើឱ្យខួរក្បាលនិងរាងកាយរបស់យើង ប្រែត្រឡប់ថាមពលអវិជ្ជមានទៅជា កម្លាំងវិជ្ជមាននិងបង្កើនតុល្យភាពក្នុងខ្លួន។​​ ដូច្នេះប្រសិនបើអ្នកស្ថិតក្នុងភាពតានតឹងខ្លាំងអ្នកត្រូវចំណាយពេល ៣-៥នាទីសម្រាប់សម្រួលថាមពល។ ដោយក្រោកឈររៀងរាល់​ ១-២ម៉ោងម្ដង ហើយលាតដៃ និងជើងរបស់អ្នកដើម្បីសម្រួលសាច់ដុំ និងសម្ពាធឈាម។ ​

៣. បង្កើនទម្លាប់គិតពីវិជ្ជមាន
ជាការពិតណាស់នៅពេលអ្នកមានអារម្មណ៍ធុញថប់ ឬតានតឹងវាពិតជាពិបាកក្នុងការគិតអំពីវិជ្ជមាន។ ហើយខ្ញុំក៍មិនបានប្រាប់ថាមិនឱ្យពិបាកចិត្ត ឬតានតឹងដែរ ព្រោះទាំងនេះជារឿងរបស់ជីវិត ហើយវាក៏ជាបញ្ហារបស់មនុស្សផងដែរ។​

លោក នឹម ឈុន្នី គួសបញ្ជាក់ថា នៅពេលអ្នកមានអារម្មណ៍តានតឹង ឬធុញថប់ ចូរចំណាយពេលបន្តិចដើម្បីផ្តោតអារម្មណ៍ទៅលើគំនិតរីករាយ។ ដូចជា៖ មើលរូបភាពអនុស្សាវរីយ៍ល្អៗកាលនៅពីកេ្មង នឹកដល់សេចក្ដីល្អដែរយើងបានធ្វើចំពោះអ្នកដទៃ ស្ដាប់ចម្រៀង ឬភ្លេងដែលខ្លួនពេញចិត្ត ផ្ងើទៅកាន់មនុស្សជាទីស្រលាញ់ហើយបញ្ជាក់ពីក្ដីស្រលាញ់ដែលយើងមានចំពោះពួកគាត់ ក្នុងនាមជាកូន ឪពុកម្ដាយ ជាមិត្តភ័ក្ត្រ…..៕