លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគរបស់អាម៉េរិកចំនួន ១៦ក្រុមហ៊ុន ដឹកនាំដោយលោក គឹម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជា និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ចូលជួបពិភាក្សាការងារ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវិនិយោគរបស់អាមេរិកនាឱកាសនេះ គឺកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយផ្ទាល់ដោយលោកឧបនាយករដ្ឋមន្ត្រី ទៅកាន់សហរដ្ឋអាម៉េរិកកាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ។
ដំណើរទស្សនកិច្ចរបស់ប្រតិភូវិនិយោគរបស់អាមេរិកមកដល់ប្រទេសកម្ពុជាដោយផ្ទាល់នេះ បានបង្ហាញពីភាពទាក់ទាញខ្ពស់ ប្រកបដោយសក្តានុពល និងភាពអំណោយផលនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ជាពិសេស ក្រុមហ៊ុនដែលចូលរួមទាំងនោះ ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើវិស័យមានជាអាទិ៍ បច្ចេកវិទ្យា កសិឧស្សាហកម្ម និងអប់រំជាដើម។

នាឱកាសនោះ លោក គឹម ឆាហួត ក៏បានជម្រាបជូនអំពីផែនការដំណើរបេសកកម្មរបស់គណៈប្រតិភូវិនិយោគសហរដ្ឋអាម៉េរិកមកកម្ពុជា ដែលនឹងរៀបចំចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងណែនាំឱ្យធុរកិច្ចជនសហរដ្ឋអាម៉េរិកបានជួបពិភាក្សាការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍ធុរកិច្ចកម្ពុជា ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ និងការលើកទឹកចិត្តនានាសម្រាប់ការវិនិយោគនៅកម្ពុជាផងដែរ។
សូមជម្រាបជូនថា រយៈពេល១០ខែ ឆ្នាំ២០២៤ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកមានទំហំទឹកប្រាក់សរុបជាង៨ពាន់៤រយលានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅទីផ្សារសហរដ្ឋអាម៉េរិកជាង៨ពាន់២រយលានដុល្លារ ខណៈកម្ពុជានាំចូលពីសហរដ្ឋអាម៉េរិកជាង២១៧លានដុល្លារ៕

