អនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ត្រូវបានចុះហត្ថលេខាដោយសមាគមចំនួន៣ រួមមាន ១-រវាងសមាគមសណ្ឋាគារកម្ពុជា និងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា និង២-រវាងសមាគមសណ្ឋាគារកម្ពុជា និងសមាគមស្វាយចន្ទីកម្ពុជា។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះស្តីពី “កិច្ចសហប្រតិបត្តិការជំរុញការប្រើប្រាស់ផលិតផលស្វាយចន្ទីកម្ពុជា”ធ្វើឡើង ក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញការប្រើប្រាស់ផលិតផលស្វាយចន្ទីក្នុងវិស័យសណ្ឋាគារ ដើម្បីលើកកម្ពស់ការកែច្នៃ ការប្រើប្រាស់ និងការចែកចាយផលិតផលស្វាយចន្ទីនៅកម្ពុជា។
ជាលទ្ធផល យោងតាមស្មារតីនៃការចុះអនុស្សរណៈខាងលើនេះ សមាគមសណ្ឋាគារនឹងធ្វើការបញ្ជាទិញស្វាយចន្ទី ក្នុងរយៈពេល៣ឆ្នាំ ដោយក្នុង១ឆ្នាំៗ មានតម្រូវការ ២៥០ តោន ក្នុងនោះ ២១០ តោនសម្រាប់កែច្នៃធ្វើម្ហូបអាហារ នំ និងភេសជ្ជៈ និង ៤០តោន ស្មើ៤០០ ០០០កញ្ចប់ ដែលជាផលិតផលស្វាយចន្ទីវេចខ្ចប់សម្រាប់ដាក់លក់ក្នុងមីនីបារ និងក្នុងបន្ទប់សណ្ឋាគារ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈថ្មីនេះពិតជាជួយជំរុញច្រើនលើការប្រើប្រាស់ក្នុងស្រុក ដោយក្រសួងពាណិជ្ជកម្មបានជួយច្រើនលើការដាក់លក់នៅអាកាសចរស៊ីវិល បន្ទាប់មកការដាក់លក់តាមម៉ាតនានា ហើយពេលនេះចាប់ផ្តើមដាក់លក់នៅសមាគមសណ្ឋាគារ សមាគមភោជនីដ្ឋាន និងសមាគមចុងភៅ។ដែលការណ៍នេះជាការគិតគូរជំរុញទីផ្សារក្នុងស្រុកជារឿងសំខាន់។
លោកបានបន្តថា ការចុះអនុស្សរណៈរវាងសមាគមសណ្ឋាគារ ជាមួយសមាគមស្វាយចន្ទីកម្ពុជា មានរយៈពេល៣ឆ្នាំ ក្នុងការបញ្ជាទិញស្វាយចន្ទី ដោយឆ្នាំទី១ សមាគមសណ្ឋាគារកម្ពុជាត្រូវការ២៥០តោន, ឆ្នាំទី២ត្រូវការ ២៦៥តោន និងឆ្នាំទី៣ ត្រូវការ ២៧៩តោន៕



