ក្រុមហ៊ុនខ្មែរ-អាម៉េរិកចំនួន២ បានបង្ហាញអំពីការបោះជំហានថ្មីយ៉ាងមោះមុតលើការផលិត និងកែច្នៃផលិតផលកន្ទក់សរីរាង្គរបស់ប្រទេសកម្ពុជាឱ្យស្របតាមស្តង់ដារគុណភាព និងលក្ខណៈបច្ចេកទេស ព្រមទាំងបទប្បញ្ញត្តិនានា ដើម្បីនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
ការបង្ហាញបែបនេះ នៅក្នុងជំនួបពិភាក្សាការងារ រវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយក្រុមហ៊ុនទាំង២នេះ គឺក្រុមហ៊ុន Amru Rice ដឹកនាំដោយនាយកប្រតិបត្តិក្រុមហ៊ុន ឧកញ៉ា សុង សារ៉ន និងក្រុមហ៊ុន Stabil Nutrition LLC ដឹកនាំដោយលោកប្រធានក្រុមហ៊ុន Michael A. Tarrasch កាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។
ជំនួបពិភាក្សាការងារនាឱកាសនេះ ត្រូវបានរៀបចំឡើងក្រោយក្រុមហ៊ុន Amru Rice និងក្រុមហ៊ុន Stabil Nutrition LLC បានចុះអនុស្សារណៈនៃការយោគយល់គ្នាកាលពីខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ឧបនាយករដ្ឋមន្ត្រី ពោលគឺអំឡុងដំណើរទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគរបស់សហរដ្ឋអាម៉េរិកកាលពីខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។
ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុនទាំង២ បានរាយការណ៍ជូនលោក ឧបនាយករដ្ឋមន្រ្តីអំពីផែនការវិនិយោគរបស់ក្រុមហ៊ុនខ្លួននៅកម្ពុជាផងដែរ។ ក្រុមហ៊ុនទាំង២ បានអះអាងថា ដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនឯកជនរបស់សហរដ្ឋអាម៉េរិកមកកម្ពុជានាឱកាសនេះ បានបង្ហាញអំពីការបោះជំហានថ្មីយ៉ាងមោះមុតលើការផលិត និងកែច្នៃផលិតផលកន្ទក់សរីរាង្គរបស់ប្រទេសកម្ពុជាឱ្យស្របតាមស្តង់ដារគុណភាព និងលក្ខណៈបច្ចេកទេស ព្រមទាំងបទប្បញ្ញត្តិនានា ដើម្បីនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
នាឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបអំពីកិច្ចសម្រួលវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រធុរកិច្ច តាមរយៈការលើកទឹកចិត្ត និងការលើកលែងពន្ធនានាចំពោះកិច្ចវិនិយោគ។
យ៉ាងណាមិញ តាមរយៈជំនួបខាងលើ ស៊ុន ចាន់ថុល ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំង២ ទទួលបានភាគជោគជ័យក្នុងកិច្ចការវិនិយោគរបស់ខ្លួនលើការកែច្នៃនិងនាំចេញកន្ទក់ពីកម្ពុជា៕ អត្ថបទ៖ ហ្សាលីន