សម្តេចតេជោ ស្នើកាតា បញ្ជូនវិនិយោគិនមកកម្ពុជា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញជួបពិភាក្សាជាមួយ លោក សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន ប៊ីន ចាសស៊ីម អាល-ថានី (Sheikh Mohammed Bin Abdulrahman Bin Jassim Al-Thani) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា កាលពីថ្ងៃទី១០ ខែធ្នូ​ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចតេជោ បានលើកឡើងថា កម្ពុជា និងកាតា បានបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ២០០៨ ហើយសម្តេច មានបំណងមកធ្វើទស្សនកិច្ចនៅរដ្ឋកាតាជាច្រើនដង ក៏ប៉ុន្តែត្រូវបានលើកពេលជាបន្តបន្ទាប់។ សម្តេចបានបន្ថែមថា ប្រទេសយើងទាំងពីរមានសក្តានុពលច្រើនដែលប្រើប្រាស់មិនទាន់អស់។ កាតា ជាប្រទេសអ្នកមាន និងគួរវិនិយោគនៅកម្ពុជា ជាពិសេស នៅក្នុងវិស័យកសិឧស្សាហកម្មកែច្នៃដើម្បីនាំចេញ។ កម្ពុជាមានផលិតផលកសិកម្មច្រើន ដូចជាគ្រាប់ស្វាយចន្ទីដែលកម្ពុជាផលិតច្រើនជាងគេនៅក្នុងពិភពលោក តែខ្វះលទ្ធភាពកែច្នៃ និងផលិតផលកសិកម្មជាច្រើនទៀត។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានស្នើ លោកនាយករដ្ឋមន្ត្រី បញ្ជូនវិនិយោគិនទៅកម្ពុជាដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម។ ដោយសម្តេច បានគូសបញ្ជាក់ថា កម្ពុជា និងកាតា គួរចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជំរុញនិងការការពារវិនិយោគទៅវិញទៅមក និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស និង អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតកិច្ចពិគ្រោះ យោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។

ជាកិច្ចឆ្លើយតប លោកនាយករដ្ឋមន្ត្រីកាតា បានអរគុណចំពោះការលើកឡើងខាងលើរបស់សម្តេច និងបានជម្រាបសម្តេចតេជោថា កាតា ផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយប្រទេសជាមិត្តយ៉ាងច្រើន ក្នុងនោះមាន កម្ពុជា និងអាស៊ានផងដែរ។

លោកបានបន្តថា នៅក្នុងទំនាក់ទំនងទ្វេភាគី កាតា សម្លឹងមើលឱកាសសម្រាប់វិនិយោគនៅក្នុងវិស័យកសិកម្មនៅកម្ពុជា។លើសពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានចុះហត្ថលេខាចប់សព្វគ្រប់នាពេលខាងមុខ នឹងជំរុញវិនិយោគទៅកម្ពុជា។

លោកក៏បានគូសបញ្ជាក់ថា លោកនឹងចាត់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និង ថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) មកជួបសម្តេច ដើម្បីជំរុញទំនាក់ទំនងខាងវិស័យពាណិជ្ជកម្ម និងវិនិយោគ៕