កម្ពុជា ប្តេជ្ញាជំរុញទឹកស្អាត និងអនាម័យឱ្យបាន១០០% នៅឆ្នាំ២០៣០ ខណៈបច្ចុប្បន្នសម្រេចបានជិត៩០%

សង្គម​ និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះ អត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសកម្ពុជា សម្រេចបានប្រមាណជិត៩០%ហើយ ខណៈរដ្ឋាភិបាល បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទឱ្យសម្រេចបាន១០០% នៅឆ្នាំ២០៣០ ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមប្រសាសន៍ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់កម្មវិធីទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ “ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ” កាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។

នាឱកាសនោះ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដោយសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយជាផែនការនៅត្រឹមឆ្នាំ២០៣០ នឹងសម្រេចឱ្យបាន ១០០%។

លើសពីនេះទៀត ជាការកត់សម្គាល់ លោកថា ចំពោះសមិទ្ធផលនៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)វិញ គិតត្រឹមចុងឆ្នាំ២០២៤ នេះដែរ មានរាជធានី ខេត្ត ចំនួន ១៣ខេត្តហើយ ដែលនឹងសម្រេច ODF និងមានរាជធានីភ្នំពេញទទួលបាន (ODF Plus) និងគ្រោងធ្វើពិធីប្រកាសទទួលស្គាល់ខេត្តស្ទឹងត្រែង ជាខេត្ត ODF ទី១៤ នៅថ្ងៃទី១៦ ខែធ្នូនេះខាងមុខនេះ។

ជាថ្មីម្តទៀត លោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសមិទ្ធផលទាំងនេះ គឺដោយសារកត្តាសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ នៅទូទាំងប្រទេស ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រមុខដឹកនាំរដ្ឋាភិបាល៕ អត្ថបទ៖ ហ្សាលីន