រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus ឱ្យដឹងថា តម្រាយផ្លូវរត់របស់រថយន្តក្រុងនៅភ្នំពេញ បានបន្តធ្វើទំនើបកម្មបច្ចេកវិទ្យា ដោយដាក់មុខងារថ្មីនៅលើកម្មវិធី Google Map ដែលមានឈ្មោះថា Google Transit សម្រាប់តាមដានលើទូរស័ព្ទដៃចល័ត។

សេចក្តីជូនដំណឹងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus កាលថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ បញ្ជាក់ថា កម្មវិធី Google Transit នេះ គឺជាកម្មវិធីដែលមានមុខងារឌីជីថល ផ្តល់ភាពងាយស្រួល និង បង្ហាញទិន្នន័យច្បាស់លាស់អំពីព័ត៌មាននៃការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ នៅក្រុងភ្នំពេញ។
ប្រភពដដែលបន្តថា ជាពិសេសកម្មវិធីនេះនឹងបង្ហាញព័ត៌មានជាក់លាក់អំពីតម្រាយខ្សែរត់រថយន្តក្រុង ចំណុចប្រសព្វគ្នា រយៈពេលធ្វើដំណើរ និងតម្លៃសរុបក្នុងការធ្វើដំណើរដល់អ្នកប្រើប្រាស់ ល្អបំផុតសម្រាប់ពលរដ្ឋ សិស្សានុសិស្សនិងយុវជន ធ្វើការជិះដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរចរាណ៍និងប្រេងឥន្ទនៈ។
បើតាមសេក្តីជូនដំណឹងដដែល ក្នុងនោះដើម្បីអាចប្រើប្រាស់កម្មវិធីនេះបាន សូមអ្នកប្រើប្រាស់ទាញយកកម្មវិធី Google Map ក្នុងទូរស័ព្ទដៃ រួចបើកកម្មវិធីសរសេរទីតាំងដែលត្រូវទៅ បន្ទាប់មកចុចលើទិសដៅ។ បន្ទាប់មករួចចុចលើរូបភាពរថយន្តក្រុង កម្មវិធីនេះ នឹងបង្ហាញជម្រើសផ្សេងៗ ដែលអាចជ្រើសរើសបានសម្រាប់ការធ្វើដំណើរ ទូទាំងរាជធានីភ្នំពេញ៕ អត្ថបទ៖ហ្សាលីន



