តម្លៃដំឡូងមីក្នុងស្រុកធ្លាក់ សហព័ន្ធដំឡូងមីកម្ពុជាប្រាប់ពីវិធានការការពារ

សង្គម​ និង​សេដ្ឋកិច្ច

នាពេលបច្ចុប្បន្ន តម្លៃដំឡូងមីនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានធ្លាក់ចុះគួរព្រួយបារម្ភសម្រាប់ប្រជាកសិករដែលប្រកបរបរដាំដំឡូងមី។ការធ្លាក់ចុះតម្លៃនេះ ក៏ស្របពេលជាមួយនឹងព័ត៌មានអំពីការធ្លាក់ចុះ នៃការនាំចូលដំឡូងមីទៅកាន់ប្រទេសចិន ដែលជាអ្នកនាំចូលដំឡូងមីធំជាងគេលើពិភពលោក។ នេះបើយោងតាមសហព័ន្ធដំឡូងមីកម្ពុជា(CFC)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីជូនដំណឹងរបស់ CFC បានឱ្យដឹងថា៖ តម្លៃដំឡូងមីស្រស់ក្រោម ៤០០រៀល/គក្រ ពិតជាពុំគាប់ប្រសើរដល់ការ ដោះស្រាយជីវភាពរបស់ប្រជាកសិករឡើយ។ តម្លៃបច្ចុប្បន្នស្ថិតក្នុងចន្លោះពី ១៩០រៀល/គក្រ ទៅដល់ ៣២០រៀល/គក្រ អាស្រ័យទៅលើកម្រិតជាតិម្សៅ និងទីតាំងរបស់កសិករ។

ដើម្បីជៀសវាងការធ្លាក់តម្លៃកាន់តែខ្លាំងថែមទៀត សហព័ន្ធដំឡូងមីកម្ពុជា សូមធ្វើការអំពាវនាវដល់ប្រជាកសិករ និង សហគមន៍កសិកម្ម ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារដូចតទៅ៖

ទី១-ប្រជាកសិករ ក៏ដូចជាសហគមន៍កសិកម្មដាំដុះដំឡូងមី ផ្អាកការប្រមូលផលមួយអន្លើរសិន គឺដើម្បីជាវិធានការទប់ ស្កាត់ការទម្លាក់តម្លៃដំឡូងមីស្រស់ដោយគ្មានមូលដ្ឋានច្បាស់លាស់។នៅពេលដែលតម្រូវការទាបតែការផ្គត់ផ្គង់ខ្ពស់គឺនាំឱ្យមាន ការទម្លាក់ថ្លៃដោយជៀសមិនរួច។

ទី២- ប្រជាកសិករ ក៏ដូចជាសហគមន៍កសិកម្មដាំដុះដំឡូងមី កុំប្រញាប់ប្រមូលផលដំឡូងមីដែលមិនទាន់មានកម្រិតជាតិ ម្សៅខ្ពស់ (ចាប់ពី ២៥ ភាគរយឡើង)។ ការយកមើមដំឡូងដែលមានជាតិម្សៅស្ទើរទៅលក់ អាចបង្ករជាលេសដល់ឈ្មួញក្នុងការ ទម្លាក់តម្លៃកសិករដទៃទៀតដែលដំឡូងរបស់គាត់មានជាតិម្សៅខ្ពស់។

ទី៣-ប្រជាកសិករ ក៏ដូចជាសហគមន៍កសិកម្មដាំដុះដំឡូងមីសូមបង្កើនការប្រុងប្រយ័ត្នក្នុងការប្រមូលផលដោយជៀសវាង ការបណ្តោយឲ្យមានលាយដី ឬជាប់ស្នែង ឬដើមទៅជាមួយច្រើន ដែលជាហេតុបង្កលេសសម្រាប់ឈ្មួញទម្លាក់ថ្លៃថែមទៀត ។

សហព័ន្ធដំឡូងមីកម្ពុជា បានសំណូមពរប្រជាកិសករ ប្រជាសមាគមកសិករ ប្រជាសហគមន៍កសិកម្មទូទាំងព្រះរាជាណាចក្រកម្ពុជា មេត្តាចូលរួមអនុវត្តតាមសេចក្តីណែនាំនេះ អោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាអោយបាននូវការគ្រប់គ្រងគុណភាព និងតម្លៃ ដំឡូងមីនៅលើទីផ្សារកម្ពុជា៕ដោយៈសុភក្ត្រា