គិតត្រឹមឆ្នាំ២០២៤ ប្រទេសកម្ពុជាមានប្រជាជនសរុប ១៧ ២៨០ ៥៤៣នាក់

សង្គម​ និង​សេដ្ឋកិច្ច

របាយការណ៍លទ្ធផលបឋម អង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ បានបង្ហាញថា ចំនួនប្រជាជនសរុប ឆ្នាំ២០២៤ មានចំនួន១៧ ២៨០ ៥៤៣នាក់ ស្ត្រីមានប្រមាណ ៥០,៩%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរបាយការណ៍ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “របាយការណ៍លទ្ធផលបឋម អង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤” ក្រោមអធិបតីភាពលោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។

លោក  ប៊ិន ត្រឈៃ បានឱ្យដឹងថា អង្កេតចន្លោះជំរឿនប្រជាជន ឆ្នាំ២០២៤ គឺជាកិច្ចការធំទីពីរ បន្ទាប់ពីជំរឿនប្រជាជន ឆ្នាំ២០១៩ ដែលដឹកនាំអនុវត្តដោយវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ដែលមាននាយកដ្ឋានស្ថិតិប្រជាសាស្ត្រ ជំរឿន និងអង្កេត ជាអង្គភាពអនុវត្ត ប្រកបដោយភាពហ្មត់ចត់ និងទំនួលខុសត្រូវខ្ពស់។

លោកបន្តថា ពិធីប្រកាសផ្សព្វផ្សាយនាឱកាសនេះ គឺជាជំហានដំបូង មុននឹងឈានទៅធ្វើការប្រកាសផ្សព្វផ្សាយរបាយការណ៍លទ្ធផលចុងក្រោយជាផ្លូវការ នៃអង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ ហើយនឹងត្រូវបានអនុវត្តទៅតាមដំណាក់កាលនីមួយៗ ក្នុងផែនការដែលបានគ្រោងទុក។

លោកបន្តទៀតថា លទ្ធផលបឋមទទួលបានពីអង្កេតនេះគឺផ្តោតសំខាន់លើចំណុចធំៗដូចជា៖

ទី១. ទំហំប្រជាជន និងកំណើន៖ (១) ចំនួនប្រជាជនសរុប ១៧ ២៨០ ៥៤៣នាក់ ស្ត្រីមានប្រមាណ ៥០,៩%, (២) កំណើនប្រជាជនមធ្យមប្រចាំឆ្នាំមានប្រមាណ ២,១%, (៣) ចំនួនគ្រួសារសរុបមាន ៣ ៧៣៥ ៦៥៩ ចំនួនសមាជិកគ្រួសារមធ្យមមាន ៤,៦នាក់, (៤) អត្រាលទ្ធភាពមានកូនសម្រាប់ស្ត្រីអាយុ ១៥-៤៩ឆ្នាំ ម្នាក់មាន ២,៥នាក់, (៥) អត្រាកំណើតដុលមាន ២០,៦នាក់, (៦) ផលធៀបអាយុក្នុងបន្ទុកមាន ៥៨,៥%, និង (៧) អាយុសង្ឃឹមរស់ទាំងពីរភេទគឺ ៧៦,៦ឆ្នាំ (ដែលបុរស ៧៤,៧ឆ្នាំ និងស្ត្រី ៧៨,៤ឆ្នាំ)។

និង ទី២. ការបែងចែកប្រជាជន៖ (១) រាជធានីភ្នំពេញ នៅតែជាទីតាំងប្រកបដោយសក្តានុពល ក្នុងចំណោម ២៥រាជធានី ខេត្ត មានប្រជាជនច្រើនរស់នៅប្រមាណ ២ ៣៥២ ៨៥១នាក់ ស្មើ ១៣,៦%, (២) តំបន់ទំនាបកណ្តាល មានប្រជាជនប្រមាណ ៨ ៦៤៦ ២០៣នាក់ ស្មើ ៥០,៣% រស់នៅច្រើនជាងតំបន់ផ្សេងៗទៀត ដូចជា តំបន់ទន្លេសាប តំបន់ឆ្នេរនិងសមុទ្រ និងតំបន់ខ្ពង់រាបនិងភ្នំ, (៣) អត្រាប្រជាជនរស់នៅទីប្រជុំជនមាន ៤១,៥% មានការកើនឡើងគួរឱ្យកត់សម្គាល់៕