ក្រសួងបរិស្ថា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនថា នឹងចូលរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ដើម្បីធានានិរន្តភាពបរិស្ថាន និងសេដ្ឋកិច្ចកាន់តែប្រសើរ។ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាបិទបញ្ចប់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (CCCA3) កាលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។

នាឱកាសនោះ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជានាពេលនេះ គឺដោយមានកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន និងកម្មវិធី CCCA3 ក្នុងភាពជា ដៃគូជាមួយសហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងរដ្ឋាភិបាលស៊ុយអ៊ែត (Sweden) និងដៃគូពាក់ព័ន្ធ ទាំងអស់ ដែលបានរៀបចំនិងអនុវត្តកម្មវីធី CCCA3 ប្រកបដោយភាពជោគជ័យក្នុងការចូលរួមឆ្លើយតបការប្រែប្រួលអាកាសធាតុទាំងនៅកម្រិតជាតិ និងអន្តរជាតិ។
លោកបន្តថា ដើម្បីចូលរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ក្រសួងបានអនុវត្តន៍ស្របតាមគោលនយោបាយ កិច្ចផ្តួចផ្តើម និងយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដែលនេះជាមូលដ្ឋានគ្រឹះសម្រាប់ គំរូនៃការអភិវឌ្ឍន៍ឆ្ពោះទៅថាមពលកកើតឡើងវិញ ការពង្រឹង បទប្បញ្ញត្តិបរិស្ថាន និងការរួមបញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាព នៅក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ចរបស់កម្ពុជាយើង។
ជាមួយគ្នានេះ កញ្ញា Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) ក៏បានលើកឡើងដែរថា ការប្តេជ្ញាចិត្តឥតងាករេរបស់ក្រសួងបរិស្ថាន ក្នុងសកម្មភាពអាកាសធាតុ និងប្រែក្លាយរបៀបវារៈអាកាសធាតុពីការទទួលខុសត្រូវទៅជាកត្តាជំរុញសេដ្ឋកិច្ចដើម្បីឈានទៅដល់ការអភិវឌ្ឍន៍របស់កម្ពុជា តាមរយៈបេសកកម្មដ៏ធំចម្បងនេះ នឹងនាំកម្ពុជាឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន ដោយមានសសរត្តម្ភ ៣ដែលជាការងារអាទិភាពរបស់ក្រសួង គឺភាពស្អាត ភាពបៃតង និងចីរភាព៕




