គណៈប្រតិភូនៃសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ បានមកជួបពិភាក្សាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារកម្ពុជា។

ថ្លែងក្នុងជំនួប ជាមួយ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ កាលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤ លោក បេ ហេដុង (Bae Hae-dong) ប្រធានសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងយល់អំពីស្ថានភាព សក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ជាពិសេសការស្វែងយល់ពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងវិស័យការងារ។
ជាការឆ្លើយតប លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានសម្តែងការស្វាគមន៍ និងសង្ឃឹមថា តាមរយៈទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជានាពេលនេះ នឹងនាំមកនូវអ្នកវិនិយោគកូរ៉េកាន់តែច្រើនមកកម្ពុជា។ ទន្ទឹមនេះ លោក បញ្ជាក់ថាកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានដំឡើងកំរិតទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏កំពុងកៀរគរអ្នកវិនិយោគបរទេស ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើនក្នុងការជួយសម្របសម្រួលដល់ការវិនិយោគបរទេសនៅកម្ពុជា ដូចជាតំបន់សេដ្ឋកិច្ចពិសេសជាដើម។ ក្នុងន័យនេះ កម្ពុជាក៏ចង់ឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ ដើម្បីគាំទ្រដល់វិស័យការងារនៅកម្ពុជាផងដែរ។
គួរបញ្ជាក់ថា តាមរយៈជំនួបខាងលើ សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ ជឿជាក់ថា សហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងនៅតែបន្តប្រកបដោយប្រសិទ្ធភាពខ្ពស់។សហព័ន្ធនេះ សង្ឃឹមថា កម្ពុជា នឹងបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ ដែលស្របតាមតម្រូវការការងារនៅក្នុងប្រទេសកូរ៉េ។ លើសពីនេះ សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ រង់ចាំរាល់កិច្ចសហការដើម្បីដាក់ចេញជាវិធានការរួមគ្នាផងដែរ៕ អត្ថបទ៖ ហ្សាលីន



