លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានចូលរួមក្នុងជំនួបប្រជុំជាទ្វេភាគីរវាងជាមួយលោក ដាមីម៉្យាង កាហ្សេ (Damien Caze) អគ្គនាយកនៃអាជ្ញាធរអាកាសចរណ៍ស៊ីវិលបារាំង។

រដ្ឋលេខាធិកាអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ជំនួបប្រជុំជាទ្វេភាគីនេះ គឺដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការវិស័យអាកាសចរណ៍ស៊ីវិលនៃប្រទេសទាំងពីរ ជាពិសេសស្វែងរកលទ្ធភាពនៃការផ្តល់ជំនួយបច្ចេកទេស ជាអ្នកជំនាញការវិស័យអាកាសចរណ៍ស៊ីវិល ពីប្រទេសបារាំង ការគាំទ្រលើដំណើរការវិនិយោគអាកាសយានដ្ឋានអន្តរជាតិ និងជំរុញឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរផងដែរ។
លោក ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា ប្រទេសទាំងពីរ (កម្ពុជា-បារាំង) មានទំនាក់ទំនងល្អពិសេស និងចំណងមិត្តភាពដ៏ជ្រាលជ្រៅយូរលង់ ទាំងប្រពៃណី វប្បធម៌ ប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ច-នយោបាយ។ ទំនាក់ទំនងដ៏ល្អ នេះ បានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសវិស័យអាកាសចរណ៍ស៊ីវិល។
លោកបានបន្តថា តាំងពីមានកិច្ចព្រមព្រៀងសម្បទាន ស្តីពីការរៀបចំរចនាប្លង់ ផ្តល់ហិរញ្ញប្បទាន សាងសង់ ជួសជុល ថែទាំកែលម្អ និងប្រតិបត្តិការអាកាសយានដ្ឋាន ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ១៩៩៥ និងអនុស្សរណៈបន្ថែមជាបន្តបន្ទាប់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន VINCI, អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា ត្រូវបានធ្វើការកែលម្អរ និងទំនើបកម្ម ប្រកបដោយសោភ័ណ្ឌភាព និងផាសុកភាព ហើយការណ៍នេះ បានរួមចំណែកក្នុងការទាក់ទាញអ្នកដំណើរតាមផ្លូវអាកាស ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគមកកាន់កម្ពុជា។

ជាការឆ្លើយបត លោក ដាមីយាង កាហ្សេ (Damien Caze) បានសម្តែងសេចក្តីសប្បាយរីករាយ ចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអាកាសចរណ៍ស៊ីវិលនាពេលកន្លងមក ហើយនឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាបន្តទៅទៀត ជាពិសេសជំនួយបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងជួយគាំទ្រ ស្វែងរកលទ្ធភាពឱ្យមានការបើកជើងហោះហើរ រវាងប្រទេសទាំងពីរឡើងវិញផងដែរ។
សូមជម្រាបជូនថា ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៤ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជាទទួលបានជើងហោះហើរចេញ-ចូល(ទ្វេទិស)សរុបជាង ៤,៧ ម៉ឺនជើង មានការកើនឡើងជាង ១០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ខណៈមានភ្ញៀវឆ្លងកាត់ជិត ៥ លាននាក់៕
