គិតត្រឹមឆ្នាំ ២០២៤ នេះ ទំហំពាណិជ្ជកម្មកម្ពុជា-តួកគីយេ សម្រេចបាន ៣៥០លានដុល្លារ ខណៈភាគីទាំងពីបានបន្តប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីលើកម្ពស់សេដ្ឋកិច្ចប្រទេសទាំងពីរ។នេះបើយោងតាមកិច្ចពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង លោក Numan Kurtulmuş ប្រធានរដ្ឋសភា តួកគីយេ នៅវិមានរដ្ឋសភា រដ្ឋធានីអង់ការ៉ា កាលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
នាឱកាសនោះ លោកNuman Kurtulmuş ប្រធានរដ្ឋសភា តួកគីយេ បានលើកឡើងថា កម្ពុជាមានសក្តានុពលធំធេងខាងវិស័យពាណិជ្ជកម្ម ក៏ប៉ុន្តែទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបាន ប្រមាណ៣៥០លានដុល្លារ នៅឆ្នាំ២០២៤ លើ ផែនការសម្រេចឱ្យបាន ១ពាន់លានដុល្លារនាពេលខាងមុខ។ លោកបន្តថា តួកគីយេ នឹងបន្តកសាងស្ពានសហប្រតិបត្តិការថ្មីៗទៀតជាមួយកម្ពុជា ដើម្បីពង្រីកសេដ្ឋកិច្ចប្រទេសទាំងពីរ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ដោយសារសន្ទុះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅមិនទាន់ខិតជិតដល់គោលដៅនៅឡើយ។ ហេតុនេះ សម្តេចតេជោ រំពឹងថា តាមរយៈដំណើទស្សនកិច្ចរបស់សម្តេចនាពេលនេះ នឹងឈានទៅជំរុញដល់កាលានុវត្តន៍ភាពសេដ្ឋកិច្ច វិនិយោគ ពិសេសសម្រេចឱ្យបាន១ពាន់លានដុល្លារ ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មទៅវិញទៅមក។
សូមរម្លឹកដែរថា សម្តេច ជាអ្នកផ្តល់សន្ទុះដល់ទំនាក់ទំនងទ្វេភាគីជាមួយតួកគីយេ។ នៅក្នុងពេលបំពេញទស្សនកិច្ចការងារនៅតួកគីយេ កាលឆ្នាំ២០១៨ ដោយកាលណោះ សម្តេចតេជោ និងប្រធានាធិបតី Erdoğan បានដាក់ផែនការសម្រេចឱ្យបាន១ពាន់លានដុល្លារ ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មទៅវិញទៅមក៕ អត្ថបទ៖ ហ្សាលីន