ចាប់ផ្តើមហើយ! ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត ក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» ​រយៈពេល៣ថ្ងៃ

សង្គម​ និង​សេដ្ឋកិច្ច

ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត ក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» នឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់១៥ ខែធ្នូ ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ និងជាប្រធានគណៈកម្មការអន្តរក្រសួង និងភរិយា រួមជាមួយ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងភរិយា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្តីសុខ ក្នុងឱកាសអបអរសាទរព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១នេះផងដែរ។

សូមជម្រាបថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមានអញ្ជើញដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ព្រឹត្តិការណ៍បុណ្យសមុទ្រនៅឆ្នាំ២០២៤នេះ ស្របទៅនឹងខេត្តកំពតជាគោលដៅទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិទេសចរណ៍តំបន់ឆ្នេរ តួយ៉ាងការជ្រើសរើសខេត្តកំពតដើម្បីរៀបចំពិធីបុណ្យសមុទ្រនាឆ្នាំនេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងជំរុញការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអភិរក្សនិងអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព ជាពិសេសការពង្រឹងនិងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍។នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ។

រូបភាព៖ SN

សូមបញ្ជាក់ជូនផងដែរថា កម្ពុជាបានរៀបចំពិធីបុណ្យសមុទ្រវិលជុំចាប់តាំងពីឆ្នាំ ២០១១ នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រចំនួន ៤ គឺ ព្រះសីហនុ កែប កោះកុង និងកំពត ដើម្បីលើកកម្ពស់សក្ដានុពលទេសចរណ៍នៅតំបន់ឆ្នេរ ក៏ដូចជាលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន សាធារណជន ក៏ដូចជាអ្នកពាក់ព័ន្ធដទៃទៀត ក្នុងការការពារ និងអភិរក្សធនធានសមុទ្រ និងបរិស្ថានឆ្នេរ។

ក្នុងនោះខេត្តកំពតបានទទួលរៀបចំចំនួន៣ដង គឺនៅឆ្នាំ២០១៥ ឆ្នាំ២០១៩ និងឆ្នាំ២០២៤ ខណៈពិធីបុណ្យសមុទ្រ កាលពីលើកទី១០ ឆ្នាំ២០២៣ ធ្វើឡើងនៅខេត្តកែប  ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» ដោយខេត្តកែបទទួលបានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិសរុបជិត ២៧ម៉ឺននាក់៕