គណៈប្រតិភូវិនិយោគិនចិន បានបង្ហាញពីគោលបំណងស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ពិសេស ការវិនិយោគក្នុងវិស័យតម្លើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី។
ការបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុនខាងលើ នៅក្នុងជំនួបពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិកាគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូវិនិយោគចិន(ហុងកុង និងម៉ាកាវ) ដឹកនាំដោយលោក Wang Jiawei អគ្គនាយកក្រុមហ៊ុន Glorank (HK) នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។
នាឱកាសនោះ គណៈប្រតិភូចិនក៏បានបង្ហាញពីគោលបំណងរបស់ខ្លួន ក្នុងការស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ពិសេស ការវិនិយោគក្នុងវិស័យតម្លើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី ផលិតអាគុយ រួមទាំងឧស្សាកម្មគាំទ្រដល់វិស័យនេះ។
លោក ជា វុទ្ធី បានស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដោយបានបញ្ជាក់ជូនថាអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ដោយគម្រោងប្រភេទនេះជាគម្រោងដែលទទួលបានការលើកទឹកចិត្ត ជាពិសេសគាំទ្រដល់កិច្ចការពារបរិស្ថាន។បន្ថែមលើនេះ គោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជារបបលើកទឹកចិត្តសម្រាប់គម្រោងវិនិយោគផលិតទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនីផងដែរ។
លោកក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីមានឱកាសដណ្តើមយកចំណែកទីផ្សារដែលកំពុងមានសក្តានុពល និងទទួលផលចំណេញឆាប់។ ម្យ៉ាងវិញទៀត ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ លោកបានស្នើឱ្យក្រុមហ៊ុនធ្វើការគិតគូរពិនិត្យលទ្ធភាពវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយផ្តោតតែទៅលើការប្រមូលផ្តុំចង្កោមឧស្សាហកម្មក្នុងវិស័យផលិតទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនីនេះ។
ជាការឆ្លើយតប លោក Wang Jiawei បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះព័ត៌មានពាក់ព័ន្ធនឹងវិស័យដែលក្រុមហ៊ុនមានបំណងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលការណ៍នេះ បានធ្វើឱ្យក្រុមហ៊ុនកាន់តែមានជំនឿជឿជាក់ក្នុងការសម្រេចចិតបណ្តាក់ទុនវិនិយោគ៕