គណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ នៃសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) បានមកជួបសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញពីបំណងចង់វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជានាពេលខាងមុខ។

បំណងរបស់ក្រុមហ៊ុន ទាំង៥០ នេះ បានធ្វើឡើង ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ។
តំណាងគណៈប្រតិភូក្រុមហ៊ុន លោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) បានឱ្យដឹងថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ មកកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីកាលានុភាពវិនិយោគនៅកម្ពុជា តាមការសន្យានៅពេលដែលលោកបានជួបពិភាក្សាការងារជាមួយសម្តេចបវរធិបតីលើកដំបូង។
លោកបន្តថា បណ្ដាក្រុមហ៊ុនដែលមកបំពេញបេសកកម្មនៅកម្ពុជា នាពេលនេះ បានបង្ហាញបំណងស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗរួមមាន៖ វិស្វកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍធនធានមនុស្សលើជំនាញយានយន្ត បច្ចេកទេស បច្ចេកវិទ្យា, សេវាថែទាំសុខភាពនិងកែសម្ផស្ស, ការវិនិយោគលើប្រព័ន្ធពាណិជ្ជកម្មទូទៅ និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។

ជាការឆ្លើយតប, សម្ដេច បានស្វាគមន៍ចំពោះសម្ព័ន្ធឧស្សាហកម្មកូរ៉េ ដែលមកកាន់កម្ពុជា ខណៈសម្តេចក៏ បានលើកទឹកចិត្តដល់គណៈប្រតិភូវេទិកាសម្ព័ន្ធឧស្សាហកម្ម បន្តទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បន្ថែមទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបនោះ សម្ដេច ក៏បានបង្ហាញពីគោលនយោបាយ និងយន្តការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលកម្ពជា ដែលធានាដល់បរិយាកាសវិនិយោគមួយដែលមានភាពប្រកួតប្រជែងខ្ពស់ ដោយក្នុងនោះសម្ដេចបានសង្កត់ធ្ងន់លើការតភ្ជាប់កម្ពុជាទៅកាន់ទីផ្សារតំបន់ និងសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងទ្វេភាគី និងពហុភាគីជាដើម៕ អត្ថបទ៖ ហ្សាលីន
