លោក មុិច សីហា នាយកវិទ្យាស្ថាន អាយឃីអុិនធើណេសិនណល និងភរិយា បានប្រកាសលក់ស្ពៃសហគមន៍កសិកម្មទំនើប ដែលទើបនឹងទទួលបានផល ក្នុងតម្លៃសមរម្យជាមួយនឹងគុណភាពខ្ពស់។

លោកគ្រូ មុិច សីហា បានធ្វើការអំពាវនាវនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ថាសូមឱ្យបងប្អូនជួយទិញបន្លែស្ពៃសហគមន៍កសិកម្មទំនើបនេះផង។ ចំពោះតម្លៃលោកបានបញ្ជាក់ឱ្យដឹងថា ស្ពៃក្រញាញ់ ៣០០០រៀលក្នុងមួយគីឡូក្រាម, ស្ពៃតឿ ៣០០០រៀលក្នុងមួយគីឡូក្រាម និងស្ពៃចង្កឹះតម្លៃ ៣០០០រៀលក្នុងមួយគីឡូក្រាមដូចគ្នាផងដែរ។

ដោយមើលឃើញពីសក្តានុពលវិស័យកសិកម្មនៅកម្ពុជា និងតម្រូវការបន្លែគុណភាពខ្ពស់លើទីផ្សារ ថ្មីៗនេះលោក មុិច សីហា បានធ្វើអាជីវកម្មលើវិស័យកសិកម្មបង្កើតជាសហគមន៍កសិកម្មទំនើប ដោយដាំខ្ញី សាឡាដ និងស្ពៃ ព្រមទាំងបន្លែអាទិភាពមួយចំនួនទៀតសម្រាប់លក់ ដោយលោកលើកឡើងថា នេះជាការធ្វើអាជីវកម្មជាលក្ខណៈទ្រង់ទ្រាយគ្រួសារ។
លោក មុិច សីហា បានលើកឡើងថា ប្រទេសកម្ពុជាភាពច្រើនបាននាំចូលបន្លែស្លឹក មកពីបណ្តាប្រទេសជិតខាង ដូច្នេះទីផ្សារលើវិស័យនេះនៅមានភាពទូលំទូលាយខ្លាំង ហើយបើសិនជាយើងធ្វើឱ្យបានត្រឹមត្រូវតាមបច្ចេកទេស នោះនឹងទទួលបានទីផ្សារលឿន ការគាំទ្រពីក្រសួងកសិកម្ម និងទទួលបានការគាំទ្រពីសហគមន៍កសិកម្មទំនើបផងដែរ។
គួរបញ្ជាក់ថា លោក មុិច សីហា ជានាយកវិទ្យាស្ថាន អាយឃីអុិនធើណេសិនណល ដែលជារឿយៗលោកតែងតែបើកវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងប្រធានបទការធ្វើអាជីវកម្ម។ វាគ្មិនពូកែវោហារ និយមចែករំលែកបទពិសោធន៍ក្បួនរកស៊ី តាមប្រព័ន្ធឌីជីថល រូបនេះ ធ្លាប់បានលើកឡើងថា លោកបានឆ្លងកាត់នូវបញ្ហាជាច្រើន រហូតមានពេលខ្លះលោកបែកគំនិតគិតចង់សម្លាប់ខ្លួនម្ដងៗក៏មាន ដោយសារទ្រាំ និងភាពបរាជ័យ ជាពិសេសការឈឺចាប់ធំៗនៅក្នុងជីវិតជាហូហែរ មុននឹងកែច្នៃជីវិតអាចក្លាយជានាយកវិទ្យាស្ថាន និងអាចចាប់ផ្តើមអាជីវកម្មលើវិស័យកសិកម្មមកទល់បច្ចុប្បន្ន៕




