សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង គ្មានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់។សម្តេចថ្លែងបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យដំណើរការ “ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” កាលថ្ងៃ ទី១៦ ធ្នូ ២០២៤។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងា ការចុះឈ្មោះសម្រាប់អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធគឺមិនមានការជំរុញ និងធ្វើការបង្ខិតបង្ខំនោះទេ ពោលគឺឈរលើគោលការស្ម័គ្រចិត្ត ខណៈរាជរដ្ឋាភិបាលដាក់ឱ្យមានការចុះឈ្មោះនេះ គឺក្នុងគោលបំណងជួយប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែល្អប្រសើរបន្ថែមទៀតប៉ុណ្ណោះ។
ទន្ទឹមគ្នានេះ សម្តេចថា ការដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលនេះ គឺដើម្បីតភ្ជាប់រវាងបងប្អូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ហើយក៏ដើម្បីងាយស្រួលជួយរកដំណោះស្រាយជួយដល់បងប្អូនដែលជួបបញ្ហាផងដែរ។
ដោយសម្តេចធិបតី បន្តថា៖«ស្ថិតក្នុងបរិការណ៍ដ៏លំបាកនេះ រាជរដ្ឋាភិបាលយល់ច្បាស់អំពីភាពចាំបាច់ក្នុងការកែលម្អ, ជំរុញ និងពង្រឹងការអនុវត្តការងារកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យមានសន្ទុះល្អប្រសើរឡើង និងមានភាពធន់ទៅ នឹងវិបត្តិនានា ដែលអាចនឹងកើតឡើងជាយថាហេតុ»។
គួរបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាអាទិភាពដ៏សំខាន់មួយ ដូចមានគូសរំលេចនៅក្នុង «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨» ដែលមានចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងមានលទ្ធភាពធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធ ហើយក្លាយទៅជាកម្លាំងចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និងអាចរួមចំណែកជាអតិបរមា ក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយចីរភាព, បរិយាបន្ន មានភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។
ហេតុនេះហើយ ទើបរដ្ឋាភិបាល បានប្រកាសសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលនេះ គឺដើម្បីបោះជំហានដ៏សំខាន់មួយឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ដែលជាមូលដ្ឋានគ្រឹះនៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាបន្ន៕អត្ថបទ៖ ហ្សាលីន