ការស្ថាបនាស្ពានប្រដឺសឬស្សី កោះប៉ែន ឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់រមណីយដ្ឋានធម្មជាតិ “ឆ្នេរខ្សាច់កោះប៉ែន” ដាក់ដំណើរការនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះហើយ ក្នុងគោលបំណងទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកំសាន្ត ខេត្តកំពង់ចាម នាថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ខាងមុខនេះ។

នេះបើតាមរដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹង នៅក្នុងដំណើរចុះពិនិត្យលក្ខណៈបច្ចេកទេស និងពន្លឿនការស្ថាបនាស្ពានប្រដឺសឬស្សី កោះប៉ែន ឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់រមណីយដ្ឋានធម្មជាតិ “ឆ្នេរខ្សាច់កោះប៉ែន” ដែលដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។
រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា បើតាមលោក ប៊ុន ដារ៉ា ប្រធានគ្រប់គ្រងរមណីយដ្ឋានឆ្នេរកោះប៉ែន ស្ពានឬស្សីដែលកំពុងសាងសង់ឆ្លងកាត់ទន្លេ ចាប់ពីត្រើយមុខវត្តដីដុះ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម មកដល់រមណីយដ្ឋានឆ្នេរកោះប៉ែន មានប្រវែងប្រមាណ ១,០០០ ម៉ែត្រ ទទឹង ២ ម៉ែត្រ ដែលបច្ចុប្បន្នសាងសង់បានជាង ៩៩%ហើយ ដោយនឹងដាក់ឱ្យដំណើរការនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤៕



