អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរកចំណូលបានតិចជាង ២៥០លានរៀលក្នុងមួយឆ្នាំ មិនតម្រូវឱ្យបង់ពន្ធចូលរដ្ឋឡើយ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ដែលមានផលរបរក្រោម២៥០លានរៀល ឬប្រហាក់ប្រហែល៦ម៉ឺនដុល្លារក្នុងមួយឆ្នាំ មិនតម្រូវឱ្យបង់ពន្ធចូលរដ្ឋឡើយ។ នេះបើយោងតាម ប្រសាសន៍របស់សម្តេច ក្នុងឱកាស​ អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យដំណើរការ “ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ”  កាលថ្ងៃ ទី១៦ ខែធ្នូ​ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ចំពោះអាជីវករ ដែលទទួលបានចំណូលដុល ពីការធ្វើអាជីវកម្មក្រោម ២៥០លានរៀល នឹងមិនតម្រូវឱ្យចុះប៉ាត់តង់ ឬប្រកាសពន្ធអ្វីនោះទេ​ ដើម្បីសម្រួលដល់ការប្រកបរបររកស៊ីរបស់បងប្អូនអាជីវករខ្នាតតូច និងលើកទឹកចិត្តឱ្យអ្នកប្រកបរបរក្រៅប្រព័ន្ធ ចុះឈ្មោះនៅក្នុងប្រព័ន្ធ។

ដោយសម្តេចបានបន្តថា៖«គុណតម្លៃ នៃការចុះឈ្មោះចូលក្នុងប្រព័ន្ធ របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺចំពោះ អ្នកដែលមានផលរបរ ក្រោម២៥០លានរៀល ឬប្រហាក់ប្រហែល៦ម៉ឺនដុល្លារក្នុងមួយឆ្នាំ ក្នុងមួយឆ្នាំ មិនមានកាតាព្វកិច្ចបង់ពន្ធប៉ាតង់ និងរៀបចំឯកសារ ប្រកាសពន្ធអ្វីទាំងអស់ ពោលគឺមិនត្រូវឱ្យបង់ពន្ធចូលរដ្ឋឡើយ»។

ជាថ្មីម្តងទៀត សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការប្រកាសដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅពេលនេះ ដើម្បីឆ្លើយតបទៅនឹងក្តីព្រួយរបស់បារម្ភរបស់ប្អូនអាជីវកម្ម ជាពិសេសអ្នក​ប្រកបរបរសេដ្ឋកិច្ចក្រៅប្រពន្ធ បន្ទាប់​ពី​រាជរដ្ឋាភិបាលជំរុញនិងលើកទឹកចិត្តឱ្យ​អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចុះឈ្មោះទៅក្នុងប្រព័ន្ធដោយស្ម័គ្រចិត្ត ដើម្បីអាចទទួលបាននូវអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលនឹងផ្តល់ជូនពួកគាត់នាពេលខាងមុខ៕ អត្ថបទ៖​ហ្សាលីន