លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ សម្រេចបាន ៥៥% ហើយដែលមានប្រវែង ២១ គីឡូម៉ែត្រ។
លើកឡើងលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោក ផន រឹម បានឱ្យដឹងថា រយៈពេល ៥ថ្ងៃ គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួង កំពុងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារយ៉ាងយកចិត្តទុកដាក់ ក្នុងការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ។
លោកបន្តថា ជាលទ្ធផលក្នុងរយៈពេល ៥ថ្ងៃនេះ ក្រុមការងារសម្រេចការកំណត់និយាមកា និងបោះបង្គោលបានទាំងស្រុងនៃផែនទីសន្លឹកទី១ និងទី២ និងផែនទីសន្លឹកទី៣ និងភាគច្រើននៃផែនទីសន្លឹកទី៤ ដែលទាំងអស់សរុបបាន ៧៨ ចំណុចនៃចំណុចដែលគ្រោង ១៤២ ដែលស្មើនឹងជិត ៥៥% នៃតម្រាយផ្លូវទឹកកំណាត់ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ។
សូមរំលឹកថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារបច្ចេកទេសពិសេស ទទួលបន្ទុកលើការកំណត់និយាមកា និងរៀបចំផែនទីលម្អិតសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង និងក្រុមការងារពាក់ព័ន្ធចុះពិនិត្យទីតាំងប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីក ហ្វូណនតេជោ សម្រាប់កំណាត់ទី១ (ចាប់ពីព្រែកតាកែវ ដល់ព្រែកពោធិ៍ ប្រវែង ២១គីឡូម៉ែត្រ)។
សូមបញ្ជាក់ថា ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ ក៏បានសិក្សាពីការប្រើប្រាស់ឧបករណ៍ DGPS -RTK ដើម្បីជាការរៀបចំដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងព្រែកជីកហ្វូណនតេជោ ដើម្បីឆ្ពោះទៅកាន់ការអនុវត្ត នៃគម្រោងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជាផងដែរ៕