សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) មានបំណងស្វែងរកកាលានុវត្តភាពក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ។ បំណងនេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Riccardo Puliti អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) កាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។
នាឱកាសនោះ លោកអនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃIFC បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលរក្សាបាននូវសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច ព្រមទាំងការយកចិត្តទុកដាក់ និងការទទួលស្គាល់តួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
ជាមួយគ្នានេះ លោក ក៏បង្ហាញបំណងក្នុងការស្វែងរកកាលានុវត្តភាពដើម្បីពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជាលើវិស័យសំខាន់ៗមួយចំនួន ដែលរួមមានជាអាទិ៍៖ វិស័យថាមពលកកើតឡើងវិញ, វិស័យឡូជីស្ទីក និងការដឹកជញ្ជូន និងវិស័យហិរញ្ញវត្ថុ។
ជាការឆ្លើយតប សម្ដេចធិបតី បានបង្ហាញក្តីរីករាយដែល IFC មានបំណងស្វែងរកឱកាសពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យ IFC បន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធកម្ពុជា ក្នងការចាប់យកកាលានុវត្តភាពក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។
កួរបញ្ជាក់ដែរថា តាមរយៈជំនួបនេះ សម្តេចធិបតី ថែមទាំងបានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងការយកចិត្តទុកដាក់ជាអាទិភាពលើការអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញ ដែលបច្ចុប្បន្ននេះកម្ពុជា បានប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណជា ៦២ % និងបន្តជំរុញឱ្យឈានទៅសម្រេចបាន ៧០ % នៅក្នុងឆ្នាំ ២០៣០។
ទន្ទឹមនឹងនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងវិស័យឡូជីស្ទីក និងការដឹកជញ្ជូន ដែលរួមមានដូចជា៖ ផ្លូវល្បឿនលឿន, កំពង់ផែទឹកជ្រៅ ដើម្បីធានាដល់ការតភ្ជាប់ការដឹកជញ្ជូនក្នុងប្រទេស និងតំបន់ ក៏ដូចជាអន្តរជាតិផងដែរ៕ អត្ថបទ៖ ហ្សាលីន