ខេត្តកណ្តាលមានរោងចក្រ សហគ្រាសជាង៥០០ ស្រូបកម្លាំងពលកម្មជាង១៧ម៉ឺននាក់ និងទទួលចំណូលប្រមាណ ៥០០ លានដុល្លារ ក្នុង ១ឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

ខេត្តកណ្តាលគឺជាខេត្តទី៣ ដែលមានការអភិវឌ្ឍលើវិស័យរោងចក្រសហគ្រាស ដោយមានសរុប៥១០រោងចក្រ សហគ្រាស អាចស្រូបយកកម្លាំង ពលកម្មបានចំនួន ១៧១ ៥០០ នាក់ និងអាចទទួលបានប្រាក់ ចំណូលសរុបប្រមាណ ៥០០ លានដុល្លារអាមេរិក ក្នុង ១ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការឱ្យដឹងពីលោក គួច ចំរើន អភិបាលខេត្តកណ្តាល បានឱ្យថ្លែងនៅក្នុងពិធីបើកការដ្ឋានគម្រោងមេគង្គឃី នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

នាឱកាសនោះ លោក គួច ចំរើន បានថ្លែងថា វិស័យសេដ្ឋកិច្ច ខេត្តកណ្តាលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងនោះកំណើននៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ជាមធ្យម ក្នុងឆ្នាំ ២០២៣ បានកើនឡើងដល់ ២ ២៧៥ ដុល្លារ។

ចំណែករោងចក្រសហគ្រាស សរុបចំនួន ៥១០ ដែលអាចស្រូបយកកម្លាំងពលកម្មបានចំនួន ១៧១ ៥០០ នាក់ និងអាចទទួលបានប្រាក់ ចំណូលសរុបប្រមាណ ៥០០ លានដុល្លារអាមេរិក ក្នុង ១ឆ្នាំ និងជា ខេត្តទី៣ ដែលមានការអភិវឌ្ឍលើវិស័យនេះ។

លោកបានបន្តថា សក្តានុពលដ៏លេចធ្លោទាំងនេះ គឺជាកត្តាទាក់ទាញវិនិយោគដ៏សំខាន់របស់ខេត្តកណ្តាលជារួម ខណៈសម្រាប់ក្រុងអរិយក្សត្រដោយឡែក ក៏មានភាពអំណោយផលពិសេសដោយស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និងតម្រូវការសង្គម សេដ្ឋកិច្ច ទីផ្សារលំនៅឋានពិតជាចាំបាច់ ដែលស្តែងឱ្យឃើញតាមរយៈគម្រោងសាងសង់ទីក្រុងមេគង្គឃី។

សូមជម្រាបជូនថា ខេត្តកណ្តាលនៅតែជាខេត្តឈរក្នុងលំដាប់ទី៣ ដែលមានរោងចក្រ សហគ្រាសច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ កាលពីខែវិច្ឆិកា កន្លងទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័តគម្រោងវិនិយោគសរុប៤៣គម្រោង ក្នុងទុនជាង៩០០លានដុល្លារ ក្នុងនោះរួមមាន ខេត្តកំពង់ស្ពឺ ភ្នំពេញ កំពង់ចាម ព្រះសីហនុ តាកែវ កោះកុងស្វាយរៀង កណ្តាល ត្បូងឃ្មុំ និងបាត់ដំបង៕