ភ្នំពេញ ៖រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានសម្រេចសមិទ្ធិផលថ្មីមួយទៀត ជាមួយនឹងការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិតទឹកស្អាតបឹងធំដែលមានសមត្ថភាពផលិតទឹកស្អាត ៦.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ រោងចក្រថ្មីតម្លៃជាង១,៤លានដុល្លារនេះ នឹងពង្រីកវិសាលភាពសេវាទឹកស្អាតជូនប្រជាពលរដ្ឋប្រមាណ ៣.០០០គ្រួសារ នៅក្នុងភូមិចំនួន១០ នៃខណ្ឌកំបូល រាជធានីភ្នំពេញ។

ពិធីសម្ពោធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយ លោក AMAKAWA Hirofumi អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ក្រោមគម្រោងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
លោក ហែម វណ្ណឌី បានលើកឡើងពីសារៈសំខាន់នៃរោងចក្រផលិតទឹកស្អាតនេះ ក្នុងការរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលកំណត់យកទឹកជាអាទិភាពគន្លឹះទីបី។
លោករដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម បន្ដថា “ការផ្គត់ផ្គង់នេះមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដល់ការពង្រីកមូលដ្ឋានឧស្សាហកម្ម អាជីវកម្ម និងសេវាកម្មគ្រប់វិស័យ ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។”
លោកក៏បានរំលេចពីភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងជប៉ុន ក្នុងវិស័យទឹកស្អាត ដោយក្នុងនោះ មានគម្រោងចំនួន៣១ ដែលបានអនុវត្តរួច និងកំពុងអនុវត្ត រួមមានទាំងគម្រោងកសាងសមត្ថភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគផ្សេងទៀត ក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបានសេវាទឹកស្អាតនៅទូទាំងប្រទេស។
រោងចក្រផលិតទឹកស្អាតបឹងធំគឺជាសមិទ្ធផលទី២ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានធ្វើការសិក្សា និងសាងសង់ដោយខ្លួនឯងបន្ទាប់ពីរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត “មេ្លច” នៅខេត្តកំពត។ រោងចក្រថ្មីនេះផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាពស្របតាមស្តង់ដារគុណភាពទឹកស្អាតថ្នាក់ជាតិ និង ស្តង់ដារគុណភាពទឹកស្អាតរបស់អង្គការសុខភាពពិភពលោក។ នេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០។
លោក ហែម វណ្ណឌី បានស្នើឱ្យភាគីពាក់ព័ន្ធ រួមទាំងក្រសួង-ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមការពារ និងថែទាំហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ពង្រីកបណ្តាញចែកចាយ និងរក្សាស្ទឹងព្រែកត្នោត ជាប្រភពទឹកសម្រាប់រយៈពេលវែង។ លោកបានបន្ថែមថា កិច្ចសហការទាំងនេះមានសារៈសំខាន់ក្នុងការធានាការផ្គត់ផ្គង់ និងគុណភាពទឹកនាពេលអនាគត, លើកកម្ពស់សុខភាពសាធារណៈ, និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
បច្ចុប្បន្នភាពផែនការមេវិស័យទឹកស្អាត ដំណាក់កាលទី៣ ឆ្នាំ២០២១-២០៣០ បានព្យាករថា តម្រូវការទឹកស្អាតនឹងកើនឡើងដល់ប្រមាណជាង ១,៨ លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅត្រឹមដំណាច់ឆ្នាំ២០៣០។ ក្រោយដាក់ឱ្យដំណើរការរោងចក្រផលិតទឹកស្អាតបឹងធំ សមត្ថភាពផលិតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងកើនឡើងពី ៩៨២.០០០ ទៅដល់ ៩៨៨.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលគាំទ្រដោយបណ្តាញចែកចាយទឹកស្អាតប្រវែង ៤.៨៧០ គីឡូម៉ែត្រ៕ ដោយ សុភក្រ្តា






