វិនិយោគិនចិន មានបំណងបោះទុនវិនិយោគក្នុងវិស័យកែច្នៃកសិផលនៅកម្ពុជា សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ

សង្គម​ និង​សេដ្ឋកិច្ច

វិនិយោគិនចិន បានស្វែងរកឱកាសវិនិយោគក្នុងវិស័យកែច្នៃកសិផលនៅកម្ពុជា ដោយចង់បណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហាញបំណងរបស់វិនិយោគិនចិន តាមរយៈជំនួបពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូវិនិយោគិនចិន តំណាងដោយលោកស្រី ចូវ ហួយថុង អគ្គនាយករងក្រុមហ៊ុន ចុងខឺប៉ីហ្វាង មកពីទីក្រុង សិនយ៉ាង ខេត្ត លាវនីង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងជំនួបនោះ លោក ជា វុទ្ធី បានគូសរំលេចពីកំណើននៃរំហូរវិនិយោគនៅកម្ពុជាជារួម ជាពិសេស កំណើនៃរំហូរវិនិយោគចិនមកកម្ពុជាក្នុងរយៈពេលប្រមាណ១ទសវត្សរ៍ចុងក្រោយនេះ ដែលប្រភពទុនពីប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ ឬលេខ២ ជារៀងរាល់ឆ្នាំ។ លោកក៏បានលើកឡើងអំពីបរិយាកាស និងរបបវិនិយោគកម្ពុជាដែលមានភាពអំណោយផល និងបើកចំហសម្រាប់វិនិយោគិនដោយគ្មានរើសអើង។

ជាការឆ្លើយតប លោកស្រី ចូវ ហួយថុង បានលើកឡើងថា លោកស្រីបានធ្វើការសិក្សាពីកាលានុវត្តភាពវិនិយោគនៅកម្ពុជាអស់រយៈពេលប្រមាណ ២ឆ្នាំមកហើយ ហើយនៅពេលនេះ ក្រុមហ៊ុនមានបំណងបណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ។ គួរបញ្ជាក់ជូនថា តាមរយៈជំនួបខាងលើ លោកអគ្គលេខាធិការវិនិយោគកម្ពុជា ក៏បានគូសបញ្ជាក់ថា វិស័យកសិកម្មជាវិស័យអាទិភាព និងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ មួយវិញទៀត កម្ពុជាមានដំណាំយុទ្ធសាស្រ្តជាច្រើន ដូចជា ស្រូវ ដំឡូងមី និងស្វាយចន្ទី ជាដើម ដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម៕