ជប៉ុន ផ្តល់លិខិតសរសើរដល់កម្ពុជា លើការចូលរួមលើកកម្ពស់គុណភាពស្ពានជ្រោយចង្វារទី១

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ប្រទេសជប៉ុន (MLIT) បានផ្តល់លិខិតសរសើរ (Certificate of Appreciation) ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន លើការចូលរួមលើកកម្ពស់គុណភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា តាមរយៈគម្រោងស្តារឡើងវិញស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីប្រគល់លិខិតសរសើរនេះ បានធ្វើឡើង កាលរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតី លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អ្នកទទួលលិខិតសរសើរ (Certificate of Appreciation) ពី លោក OGASAWARA Kenichi អនុរដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT)។

បើតាមក្រសួងសារធារណការ បានរម្លឹកថា គម្រោងស្តារឡើងវិញស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងរាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ពោធនៅឆ្នាំ១៩៦៣ ដោយជំនួយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន។

ស្ពាននេះ ត្រូវបានខូចខាតដោយសង្រ្គាមស៊ីវិលនៅកម្ពុជា ហើយត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយជំនួយរបស់ប្រទេសជប៉ុន និងត្រូវប្តូរឈ្មោះទៅជាស្ពានមិត្តភាព កម្ពុជា-ជប៉ុន ដោយព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ប៉ុន្តែដោយសារអាយុកាលប្រើប្រាស់របស់ស្ពាន កំណើនសេដ្ឋកិច្ច និងរំហូរចរាចរណ៍កើនឡើងជាលំដាប់ ទើបស្ពានខាងលើនេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ និងត្រូវបានទទួលការជួសជុលស្តារឡើងវិញ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ដែលមានតម្លៃគម្រោង ៣ ៣២៣ លានយ៉េន (ប្រមាណ ៣៣លានដុល្លារអាម៉េរិក) សាងសង់ដោយក្រុមហ៊ុនសាជីវកម្មអូប៉ាយ៉ាស៊ី (OBAYASHI Corporation) ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ហើយបញ្ចប់ការសាងសង់ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការឡើងវិញនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន។

បន្ថែមពីនេះ ស្ពាននេះដែរ គឺត្រូវបានជួលជុលជាមួយនឹងការឌីហ្យាញនូវគុណភាពខ្ពស់តាមបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ប្រទេសជប៉ុន ដែលអាចធានាបាននូវភាពរឹងមាំ និងអាយុកាលវែងរបស់ស្ពាន។ ស្ពានមានប្រវែងសរុប ៧០៩ម៉ែត្រ និងទទឹងសរុប ១៣,៨ ម៉ែត្រ មានគន្លងយានយន្ត ២គន្លង ផ្លូវទោចក្រយានយន្ត និងចិញ្ចើមផ្លូវ។ វិសាលភាពគម្រោងជាសង្ខេបរួមមាន៖ ការធ្វើឱ្យប្រសើរឡើងនូវសសរ និងគ្រឹះស្ពាន ប្រព័ន្ធលូបង្ហូរទឹក ការអ៊ុតកៅស៊ូកម្រាស់ ១៥សង់ទីម៉ែត្រ ការស្ថាបនាឡើងវិញនូវក្បាលស្ពានសងខាង ការលាបថ្នាំ ជួសជុល និងតម្លើងបង្កាន់ដៃថ្មី បង្គោលបំភ្លឺផ្លូវ និងការជួលជុលនូវផ្នែកផ្សេងៗទៀតនៃស្ពាន៕​អត្ថបទ៖ ហ្សាលីន