រោងចក្រផលិតសំបកកង់ឡានធំមួយនៅកម្ពុជា គ្រោងកែច្នៃកៅស៊ូក្នុងស្រុកប្រមាណ១០ម៉ឺនតោន នៅឆ្នាំ២០២៥ គិតជាទឹកប្រាក់ជាង ២០០ លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

រោងចក្រផលិតសំបកកង់ឡាន សៃលុន (Sailun Tire Cambodia) ដែលជារោងចក្រដំបូងគេ និងធំជាងគេនៅកម្ពុជា បានគ្រោងកែច្នៃទិន្នផលកៅស៊ូក្នុងស្រុកប្រមាណ១០ម៉ឺនតោន នៅឆ្នាំ២០២៥ខាងមុខ ដែលគិតជាទឹកប្រាក់ជាង ២០០ លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រោងចក្រផលិតសំបកកង់ឡាន សៃលុន បានស្រូបទាញទិន្នផលកៅស៊ូ ប្រមាណជាង ៣០% នៃទិន្នផលកៅស៊ូសរុប គិតតែក្នុងឆ្នាំ ២០២៤ ប្រមាណ ៥ ម៉ឺនតោន និង គ្រោងកែឆ្នៃទិន្នផលកៅស៊ូក្នុងស្រុកប្រមាណ ១ សែនតោន ដោយគិតជាសាច់ប្រាក់ប្រមាណជាង ២០០ លានដុល្លាអាមេរិក ក្នុងឆ្នាំ ២០២៥ ខាងមុខ។

សូមបញ្ជាក់ថា កម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ រួមមាន៖ ១, ក្រុមហ៊ុន CART TIRE CO.,LTD នៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ (ខេត្ដស្វាយរៀង) បានដំណើរការនៅឆ្នាំ២០២១ លើទំហំផ្ទៃដី ១២០ហិកតា ក្រោមទុនវិនិយោគជាង១ពាន់លានដុល្លារ។ ២, ក្រុមហ៊ុន GENERAL TIRES TECHNOLOGY (CAMBODIA) CO.,LTD នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (ខេត្ដព្រះសីហនុ) បានដំណើរការ នៅឆ្នាំ២០២២ លើទំហំផ្ទៃដី២០ហិកតា ក្រោមទុនវិនិយោគ២៩៧លានដុល្លារ។ ៣, រោងចក្រផលិតសំបកកង់រថយន្ដ ក្រុមហ៊ុន NEWBUSTAR (Cambodia) នៅតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ តម្លៃជាង១៣៨លានដុល្លារ ដែលបានបើកដំណើរការកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។

លោក ប្រាក់ ដាវីដ  រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានគូសបញ្ជាក់ថា តម្រូវការកៅស៊ូនៅកម្ពុជាកំពុងតែកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតនិងកែច្នៃកង់ឡាននៅកម្ពុជា ដែលសព្វថ្ងៃមានចំនួន៣ និងកើនឡើងបន្ថែមទៀត។ ការណ៍នេះ ទាមទារឱ្យកម្ពុជារៀបចំខ្លួនឱ្យរួចរាល់ ជាពិសេសស ត្រូវមានកម្លាំងពលកម្មដែលមានជំនាញចៀរជ័រកៅស៊ូច្បាស់លាស់ ទើបអាចឈានទៅអភិវឌ្ឍវិស័យកៅស៊ូនៅកម្ពុជាបានជោគជ័យ។

សូមជម្រាបបន្ថែមថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីកៅស៊ូសរុប ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%។បើគិតត្រឹមរយៈពេល១១ខែ​ ឆ្នាំ២០២៤ ចំណូលពីការនាំចេញជ័រកៅស៊ូ មានចំនួន៥៦៨ ២៧៦ ០៥០ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន ៤ ៨៧៣ ៨៦៧ដុល្លារ៕