លោក HON. Senator Dato Awang Bemee Bin Awang Ali Basah ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី បានធ្វើការជំរុញទៅដល់អ្នកវិនិយោគិនម៉ាឡេស៊ី ពិនិត្យលទ្ធភាពក្នុងការបង្កើនការវិនិយោគនៅកម្ពុជា សំដៅពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និតថែមទៀត។លោកថ្លែងបែបនេះ នៅក្នុងជំនួបអាហាការងារថ្ងៃត្រង់ នារសៀលថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ក្នុងឱកាសនោះ លោកប្រធានព្រឹទ្ធសភាម៉ាឡេស៊ី បានបង្ហាញពីការគាំទ្រចំពោះការវិនិយោគលើវិស័យម៉ាស៊ីនកិនស្រូវនៅកម្ពុជា និងការបើកជើងហោះហើរផ្ទាល់ពីរដ្ឋ Sarawak មកកាន់រាជធានីភ្នំពេញ។
លោក ក៏បានជំរុញវិនិយោគិនម៉ាឡេស៊ី ពិនិត្យលទ្ធភាពក្នុងការបង្កើនការវិនិយោគនៅកម្ពុជាលើវិស័យពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម ថាមពល អប់រំ សុខាភិបាល និងទេសចរណ៍។
លើសពីនេះ ទៀត ប្រធានព្រឹទ្ធសភារូបនេះ ក៏បានបង្ហាញពីបំណងចង់ឱ្យមានកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និតរវាងទីក្រុងណាមួយនៃរដ្ឋ Sarawak និង Sabah របស់ប្រទេសម៉ាឡេស៊ី ជាមួយទីក្រុងនិងខេត្តណាមួយរបស់ប្រទេសកម្ពុជា ដើម្បីបង្កើនទំហំសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ វប្បធម៌ និងអប់រំ ផងដែរ។
ជាការឆ្លើយតប លោក អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានថ្លែងអំណរគុណ ចំពោះ លោកប្រធានព្រឹទ្ធសភា សម្រាប់ការទទួលស្វាគមន៍នៃការទទួលទានអាហារការងារថ្ងៃត្រង់ដ៏មានសារៈសំខាន់នេះ និងស្វាគមន៍វិនិយោគគិនម៉ាឡេស៊ីទាំងអស់ ក្នុងការពិនិត្យសិក្សានិងស្វែងរកកាលានុវត្តភាពដើម្បីវិនិយោគនៅកម្ពុជានាពេលខាងមុខ៕ អត្ថបទ៖ ហ្សាលីន



