ADB ប្រកាសផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងចំនួន ៤០៣ លានដុល្លារដល់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងដល់កម្ពុជាសម្រាប់ឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់សរុបចំនួន ៤០៣លានដុល្លារ លើគម្រោងអភិវឌ្ឍន៍ចំនួន៥របស់កម្ពុជា ខណៈ៨០លានដុល្លារប្រើសម្រាប់វិស័យអប់រំ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៤ថា ខ្លួននឹងផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់៤០៣ លានដុល្លារនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤។ កិច្ចព្រមព្រៀងជំនួយនេះនឹងផ្តោតលើការអភិវឌ្ឍវិស័យអប់រំ ពាណិជ្ជកម្ម ធនធានទឹកស្អាត អាកាសធាតុ និងអនាម័យតាមទីជនបទ។

ជុំវិញរឿងនេះ នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា លោកស្រីJyotsana Varma បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា “ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងភាពជាដៃគូរបស់យើងជាមួយប្រទេសកម្ពុជា ជាមួយនឹងការអនុម័តឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងចំនួន ៤០៣ លានដុល្លារ ក្រោមក្របខណ្ឌនៃយុទ្ធសាស្រ្តភាពជាដៃគូប្រទេសថ្មីរបស់យើងសម្រាប់ឆ្នាំ ២០២៤-២០២៨” ។

សូមបញ្ជាក់ដែរថា ការផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដោយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងនាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា លោកស្រី Jyotsana Varma ៕  អត្ថបទ៖ ហ្សាលីន