នៅក្នុងឆ្នាំ ២០២៤នេះ កម្ពុជាប្រមូលផលស្រូវប្រមាណ ១៣ លានតោន លើសជាងឆ្នាំមុនប្រមាណកន្លះលានតោន និងលើសកាលពី៥ឆ្នាំមុនប្រមាណ ៣ លានតោន។នេះបើតាមការឱ្យដឹងពីលោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក យ៉ង សាំងកុមារ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លោកថា ផលិតកម្មនិងទីផ្សារស្រូវអង្ករកម្ពុជាឆ្នាំ ២០២៤ ត្រូវបានដោះស្រាយបានជាង ៩០ ភាគរយ នៅសល់តែស្រូវចុងរដូវជាង ៥ភាគរយទៀតនោះទេ។បើសរុបនៅឆ្នាំ ២០២៤ កម្ពុជាប្រមូលផលស្រូវប្រមាណ ១៣ លានតោន លើសឆ្នាំមុនប្រមាណកន្លះលានតោន និងលើសកាលពី៥ឆ្នាំមុនប្រមាណ ៣ លានតោន។ ជាទូទៅ កម្ពុជាផលិតស្រូវលើសពីតំរូវការក្នុងស្រុកប្រមាណ ៥០ ភាគរយ ឬប្រមាណ ៦លានតោន។
លោកបន្តថា នេះជាជោគជ័យដ៏ធំមួយផ្នែកផលិតកម្មស្រូវក្នុងការធានាបាននូវសន្តិសុខស្បៀងជូនជាតិនិងចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិ តាមរយៈការនាំចេញស្រូវអង្ករក្នុងបរិមាណជាមធ្យម ៦ លានតោនស្រូវមួយឆ្នាំ (គណនាជាស្រូវ)។
បើតាមមន្រ្តីជាន់ខ្ពស់កសិកម្មរូបនេះ គិតមកដល់ដើមខែធ្នូ ២០២៤ នេះ នៅទូទាំងប្រទេសយើងប្រមូលផលសរុបបានជាង ១២ លានតោនឬស្មើនឹងជាង ៩០ ភាគរយ នៃបរិមាណផលត្រូវប្រមូលសរុប។ ជាទូទៅកសិករទទួលបានតម្លៃសមរម្យជាពិសេសស្រូវផ្ការំដួល សុម៉ាលី សែនក្រអូប និងស្រង៉ែ ដែលជាពពួកស្រូវមានតំរូវការខ្ពស់សម្រាប់ការនាំចេញ ដែលតម្លៃស្រូវផ្ការំដួលនៅតាមវាលជាមធ្យមចន្លោះពី ១២៥០ ទៅ ១៣០០ រៀលមួយគីឡូ។
សូមបញ្ជាក់ថា បច្ចុប្បន្នប្រជាកសិករកំពុងប្រមូលផលស្រូវចុងរដូវ (Late season rice) ដែលជាប្រភេទស្រូវធ្ងន់ដែលនៅសល់ប្រមាណកន្លះលានតោនទៀត ឬប្រមាណ ៥ភាគរយ នៃផលសរុបប្រចាំឆ្នាំ ២០២៤។
ចំពោះស្រូវធ្ងន់មានតំរូវការទីផ្សារក្នុងស្រុក តែមិនសូវមានតំរូវការនាំចេញទេ ដោយសារភាគច្រើនស្រូវនេះបាយមិនសូវទន់ គ្រាប់រាងខ្លី តែចំពោះទីផ្សារអង្ករកម្ពុជានៅក្រៅប្រទេសគេនិយមអង្ករគ្រាប់វែង មានគុណភាពក្រអូប និងបាយទន់។
តែទោះជាយ៉ាងណាក៏ដោយ ក៏ក្រសួងកសិកម្ម សហព័ន្ធស្រួវអង្ករ និងធនាគារ ARDB បន្តយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាទីផ្សារនិងតម្លៃស្រូវធ្ងន់ឬស្រូវចុងរដូវជូនកសិករយើងដោយសហការជាមួយរោងម៉ាស៊ីនធំៗចំនួន ១៤ និងរោងម៉ាស៊ីនដែលកិនស្រូវលក់ក្នុងស្រុកផ្សេងទៀតក្នុងការប្រមូលទិញស្រូវធ្ងន់ក្នុងតម្លៃនៅរោងម៉ាស៊ីនចាប់ពី ៩០០ រៀលក្នុងមួយគីឡូ៕(នេះជាការបញ្ជាក់បន្ថែមរបស់លោក យ៉ង សាំងកុមារ)