ថ្លែងក្នុងកម្មវិធីសន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទីពីរ លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា៖ ប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញ ឌីជីថលកំពុងតែពេញនិយម និងបាននិងកំពុងទាញចំណូលពីការផ្សាយពាណិជ្ជកម្ម ប្រមាណ ១៧០លានដុល្លារ ក្នុងឆ្នាំ២០២៤ ផ្ទុយពីប្រព័ន្ធផ្សព្វផ្សាយតាមបែបបុរាណដែលនៅក្នុងឆ្នាំ២០២៤ ដូចគ្នាមានចំនួន ៨០លានដុល្លារ តែប៉ុណ្ណោះ ដែលនេះជា ចរន្តនៃការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ និងទំនើប ហើយការផ្លាស់ប្តូរនេះកំពុងមានបញ្ហាចំណូល កាត់បន្ថយបុគ្គលិក និងមានស្ថាប័នមួយចំនួនឈានទៅដល់ការបិទអង្គភាពតែម្តង ។
សន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទីពីរ លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល ក៏មានការអញ្ជើញចូលរួមពី លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អង្គការសង្គមស៊ីវិលប្រមាណជាង ២០០នាក់ ផងដែរ។
ឯកឧត្តម នេត្រ ភក្ត្រា ក៏បានអំពាវនាវឱ្យស្ថាប័នផ្សព្វផ្សាយបែបប្រពៃណីទាំងនោះបើមិនបាន ធ្វើសមាហរណកម្មខ្លួនទៅក្នុងបរិបទឌីជីថលគឺត្រូវតែប្រឈមមុខជាមួយនិងការបិទទ្វារ។ ទន្ទឹមគ្នានេះ វាគ្មិន ចូលរួមក៏បានសង្កត់ធ្ងន់ថា វិស័យប្រព័ន្ធផ្សព្វផ្សាយដែលសេរី មានភាពចម្រុះ ពហុនិយម និងឯករាជ្យ គឺជាកត្តាសំខាន់សម្រាប់ការសម្រេចបាននូវអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជាតម្រូវការមុនជាចម្បង សម្រាប់ការជំរុញសង្គមបើកចំហ បរិយាប័ន្ន យុត្តិធម៌ និងសន្តិភាព ដូចដែលបានទទួលស្គាល់ដោយគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព (សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ)។
ស្របតាមទិដ្ឋភាពនៃការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយបច្ចុប្បន្នរបស់កម្ពុជា និន្នាការនិងអាទិភាព ដែលបានកំណត់ សន្និសីទនេះស្វែងរកការសន្ទនាជាយុទ្ធសាស្ត្រ និងការចែករំលែកការអនុវត្តល្អ និងគំនិតច្នៃប្រឌិត ដើម្បីជួយប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជាឱ្យរីកចម្រើនក្នុងសម័យឌីជីថល ជាពិសេសផ្តោតលើ ៖ ការគ្រប់គ្រងលំហព័ត៌មានប្រកបដោយប្រសិទ្ធភាព ការលើកកម្ពស់ និងពង្រឹងគុណភាពសារព័ត៌មាន និរន្តរភាពប្រព័ន្ធផ្សព្វផ្សាយ និងបរិវិវត្តកម្មឌីជីថល៖ បញ្ហាប្រឈម និងកាលានុវត្តភាពនៃភាពរីកចម្រើនបច្ចេកវិទ្យា។
លើសពីនេះ សន្និសីទការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឆ្នាំ២០២៤ ផ្តល់នូវវេទិកាសម្រាប់រៀនសូត្រ ពិភាក្សា និងកិច្ចសហការកាន់តែ ទូលំទូលាយរវាងស្ថាប័នពាក់ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រួមមាន រដ្ឋាភិបាល ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ សមាគម អ្នកសារព័ត៌មាន អ្នកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីឈានទៅរកការកែទម្រង់ ប្រព័ន្ធផ្សព្វផ្សាយ និងគាំទ្រដល់វិស័យអភិវឌ្ឍន៍វិស័យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាក្នុងយុគសម័យឌីជីថល៕
រូបភាព៖ AKP