សហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរ Guangdong-Hong Kong-Macao បានចុះមកពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជានាពេលខាងមុខ។

នេះបើយោងតាមជំនួបពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោក Liang Songshou ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរ Guangdong-Hong Kong-Macao និងជាប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវឧស្សាហកម្ម Guangdong Huarong កាលពីរសៀលថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០២៤។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានលើកឡើងថា កម្ពុជា បាននិងកំពុងបន្តផ្សព្វផ្សាយកាលានុវត្តភាពវិនិយោគជូនវិនិយោគិនដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា សំដៅជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ។
គួរបញ្ចាក់ដែរថា តាមរយៈជំនួបនាឱកាសនេះ គណៈប្រតិភូនៃសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរ Guangdong-Hong Kong-Macao បានស្វែងយល់កាន់តែច្បាស់បន្ថែមទៀតអំពីបរិយាកាសវិនិយោគនៅកម្ពុជា ពិសេសពាក់ព័ន្ធនឹងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធ លើវិស័យសក្ដានុពលនានា ដែលក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់សហព័ន្ធកំពុងចាប់អារម្មណ៍វិនិយោគនាពេលខាងមុខផងដែរ៕អត្ថបទ៖ ហ្សាលីន


