ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា បានបើកកិច្ចពិភាក្សាគ្នា ដើម្បីរៀបចំយុទ្ធសាស្ត្រជំរុញវិនិយោគរយៈពេល ៣ឆ្នាំ និងផែនការសកម្មភាព សំដៅជំរុញទាក់ទាញវិនិយោគក្នុងវិស័យអាទិភាព។
កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពី លោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងអូស្រា្តលីប្រចាំកម្ពុជា និងសហការី តំណាងកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញសរុបប្រមាណ ៤០រូប។
កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងសម្រេចជ្រើសរើសវិស័យអាទិភាពចម្បង សម្រាប់ការរៀបចំយុទ្ធសាស្រ្តជំរុញវិនិយោគ ក្រោមជំនួយបច្ចេកទេសរបស់អូស្រ្តាលី តាមរយៈកម្មវិធី CAPRED។ យុទ្ធសាស្ត្រជំរុញវិនិយោគ នឹងដាក់ចេញសកម្មភាពជាក់លាក់ដែលអាចអនុវត្តបាន ដោយផ្តោតជាចម្បងលើការកំណត់វិស័យអាទិភាព, ការគាំទ្រនិងកិច្ចសម្រួលដល់វិនិយោគិន, ព្រមទាំងការកំណត់គុណតម្លៃច្បាស់លាស់ក្នុងវិស័យអាទិភាពដែលបានកំណត់ ដើម្បីជំរុញទាក់ទាញវិនិយោគ និងទាញយកជាអតិបរមានូវកាលានុវត្តភាពពីនិន្នាការដែលបាននិងកំពុងលេចឡើងទាំងក្នុងតំបន់ និងសកល។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល លោកក៏បានផ្ដល់នូវអនុសាសន៍ដល់កម្មវិធី CAPRED ឱ្យផ្តល់អាទិភាពស្វែងរកព័ត៌មានអំពីក្រុមហ៊ុនសក្ដានុពលដែលមានបំណងចង់ផ្លាស់ប្ដូរមូលដ្ឋានផលិតកម្មមកកាន់តំបន់អាស៊ាន ព្រមទាំងសិក្សាស៊ីជម្រៅលើយុទ្ធសាស្រ្តគាំទ្រដល់វិស័យកសិ-ឧស្សាហកម្មកម្ពុជា, និងសាកល្បងសិក្សាសមិទ្ធិលទ្ធភាពក្នុងការកំណត់យកវិស័យភស្ដុភារកម្ម ជាវិស័យអាទិភាពមួយបន្ថែមទៀតសម្រាប់យុទ្ធសាស្ត្រជំរុញវិនិយោគរយៈពេល៣ឆ្នាំផងដែរ។
ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូតរងអូស្រ្តាលី ក៏មានក្តីសង្ឃឹមថា យុទ្ធសាស្រ្តវិនិយោគរយៈពេល៣ឆ្នាំ នឹងក្លាយឯកសារផ្ទៃក្នុងយ៉ាងសំខាន់សម្រាប់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចតម្រង់ទិសការទាក់ទាញវិនិយោគដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់សម្រាប់កម្ពុជា៕ អត្ថបទ៖ ហ្សាលីន