(រាជធានីភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមហ៊ុន Codingate Technology បានរៀបចំវគ្គបណ្តុះបណ្តាល ដោយផ្ដោតលើ “ជំនាញក្នុងការប្រើប្រាស់ AI និងរៀបចំហាងលក់ទំនិញអនឡាញ (E-commerce)” រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៤ ជូនដល់ពាណិជ្ជករ អាជីវករ និងសមាជិកទាំងអស់ ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យមសរុបប្រមាណជាង ៦០នាក់។

ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងនៅក្នុងពិធីបើកកម្មវិធី ដោយលើកអំពីការយកចិត្តទុកដាក់ពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលខាងលើនេះ ក្នុងគោលបំណងសំខាន់ផ្តល់នូវចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល ដល់ម្ចាស់អាជីវកម្មទាំងអស់ ដែលជាសមាជិក ក៏ដូចជាសភាពាណិជ្ជកម្មតាមបណ្ដាខេត្តនានា ដើម្បីទទួលបានជោគជ័យក្នុងទីផ្សារអាជីវកម្មអេឡិចត្រូនិក (E-Commerce) តាមរយៈការបណ្តុះបណ្តាលពីអ្នកជំនាញ ក្នុងការធ្វើបទបង្ហាញជាមួយមេរៀនសំខាន់ៗ ដែលផ្តោតលើការប្រើប្រាស់ប្រព័ន្ធជំនួយ AI ក្នុងការការបង្កើតហាងទំនិញលើប្រព័ន្ធអនឡាញ (E-Commerce Shop) យុទ្ធសាស្ត្រធ្វើទីផ្សារបែបឌីជីថល, ការកំណត់អតិថិជនគោលដៅ និងការប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្តិផ្សេងៗ សម្រាប់ការបង្កើនប្រសិទ្ធភាពអាជីវកម្មស្របតាមយុគសម័យកាលឌីជីថលដែលមានការវិវត្តន៍យ៉ាងឆាប់រហ័ស។

លោក សុខ សុភមង្គល ប្រធានក្រុមហ៊ុន Codingate Technology និងជាគ្រូបង្គោលដោយផ្ទាល់ បានលើកឡើងថា ម្ចាស់អាជីវកម្មទាំងអស់ បន្ទាប់ពីបានបញ្ចប់ការបណ្ដុះបណ្ដាលខាងលើ នឹងទទួលបានចំណេះដឹងជាក់ស្តែងក្នុងការបង្កើត និងគ្រប់គ្រងហាងដោយប្រព័ន្ធអេឡិចត្រូនិច ការប្រើប្រាស់ប្រព័ន្ធ AI ក្នុងការជួយសម្រួលការងារ ចំណេះដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវតិ្តកម្មសម្រាប់ប្រសិទ្ធភាពអាជីវកម្ម ព្រមទាំងស្វែងយល់ពីយុទ្ធសាស្ត្រទីផ្សារឌីជីថលដ៏មានប្រសិទ្ធភាព ដើម្បីទាក់ទាញ និងរក្សាអតិថិជនផងដែរ។
សូមជម្រាបជូនថា ក្រោមការចង្អុលបង្ហាញរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានណែនាំឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅកាន់សមាជិក សមាជិកា និងជាពិសេស អាជីវករ ពាណិជ្ជករ និងធុរជន ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការបង្កើតឱ្យមានកម្មវិធីផ្សេងៗ។ ជាក់ស្ដែង កម្មវិធីបណ្ដុះបណ្ដាល “ជំនាញក្នុងការប្រើប្រាស់ AI និងរៀបចំហាងលក់ទំនិញអនឡាញ (E-commerce) សម្រាប់សហគ្រាសធុនតូច និងមធ្យម” ខាងលើ បានរៀបចំចំនួន ៣ លើករួចមកហើយ និងបានបណ្ដុះបណ្ដាលអ្នកចូលរួមសរុបជាង ២៣០ នាក់។
រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង
















