មនុស្សប្រមាណ ៣ ០០០នាក់ នឹងចូលរួមហែក្បូនព្រឹត្តិការណ៍ «សាទរកម្ពុជា»នាថ្ងៃ៣១ ធ្នូ

សង្គម​ និង​សេដ្ឋកិច្ច

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅសួនច្បារទល់មុខព្រះបរមរាជវាំង នារាត្រីថ្ងៃឆ្លងឆ្នាំ។តាមរយៈព្រឹទ្ធិការណ៍នេះ មានមនុស្សប្រមាណ ៣០០០នាក់ នឹងចូលរួមហែក្បូន អបអរសារទរព្រឹត្តិការណ៍នេះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោក សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាសមាជិកគណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» បានឱ្យដឹងថា «សាទរកម្ពុជា» គឺជាព្រឹត្តិការណ៍ក្នុងការសាទររបស់កម្ពុជា ដែលផ្ដោតសំខាន់ទៅលើ អត្តសញ្ញាណជាតិខ្មែរ មោទនភាពខ្មែរ និងអបអរសាទរនូវរាល់សមិទ្ធផលរបស់ខ្មែរដែលបានខិតខំប្រឹងប្រែងកន្លងមក។

លោកថា ព្រឹត្តិការណ៍ដ៏ធំនេះ គឺជាលើកដំបូងបង្អស់សម្រាប់កម្ពុជា ក្នុងឱកាសនៃថ្ងៃបំណាច់ឆ្នាំ ដែលនឹងចាប់ផ្ដើមនៅវេលាម៉ោង៣៖០០រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ម៉ោង ៦៖០០ព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។

លោកបានបញ្ជាក់ថា នៅវេលាអស្តង្គត ព្រឹត្តិការណ៍នេះ នឹងរៀបចំក្បួនដង្ហែសាទរកម្ពុជា ដែលមានអ្នកចូលរួមប្រមាណ៣,០០០នាក់ដោយចេញ ដំណើរពីចំណុចកែងរវាងវិថីព្រះអង្គហស្សកណ្ឌ ផ្លូវ១៤៤ និងវិថីព្រះស៊ីសុវត្ថិមកកាន់សួនច្បារមុខព្រះបរមរាជវាំង។ ការសាទរកម្ពុជាជាមួយគ្នា ក្នុងកម្មវិធីក្បួនដង្ហែ រួមមានការសម្តែងទស្សនីយភាពវប្បធម៌ ព្យុហយាត្រា ឬកីឡា ជាមួយការតុបតែងសម្លៀកបំពាក់ និងគ្រឿង រចនាកាយ រួមជាមួយការច្នៃប្រឌិតបង្កើតយានក្បួនដង្ហែ ពោងបង្ហោះ និងការតុបតែងរចនា ឬគ្រឿងលម្អ ជាមួយពណ៌ បច្ចេកវិទ្យា និងពន្លឺ ក៏ដូចជាការបង្ហាញទេពកោសល្យសិល្បៈ ឬការច្នៃប្រឌិត ដោយមានកិច្ច សហការរវាងស្ថាប័ននិងក្រុម។

សូមជម្រាបថា ព្រឹត្តិការណ៍សាទរកម្ពុជា នឹងរៀបចំការសម្តែងសិល្បៈទស្សនីយភាពចម្រុះដ៏អធិកអធម ដែលបន្តពីការបញ្ចប់នៃកម្មវិធីក្បួនដង្ហែរហូតដល់វេលាឆ្លងឆ្នាំសកលផងដែរ៕