ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្ម (FAO) បានជួបពិភាក្សាគ្នា ដើម្បីបន្តរួមគញនាជំរុញការវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា សំដៅនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ពិសេសធានាសន្តិសុខស្បៀង។

ការលើកឡើនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយលោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្ម នៃអង្គការសហ ប្រជាជាតិ ប្រចាំប្រទេសកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌកម្មវិធីប្រចាំប្រទេសរយៈពេល ៥ឆ្នាំរវាងអង្គការ FAO និងក្រសួងកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលធ្វើឡើងកាលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ដ្រី ឌិត ទីណា បានគូសបញ្ជាក់ថាវិស័យកសិកម្មមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការ ធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ មាននិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន និងជួយដល់កំណើនសេដ្ឋកិច្ចជាតិ។ ទន្ទឹមគ្នានេះ លោកបានបានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការ FAO នាពេលបច្ចុប្បន្ន និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតនាពេលអនាគត ដើម្បីធានានិរន្តរភាពស្បៀងនៅកម្ពុជា។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបពិភាក្សានេះ លោករដ្ឋមន្ដ្រីក្រសួងកសិកម្ម ក៏បានលើកឡើងពីកម្មវិធីការអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) ដែលបានសហការយ៉ាងជិតស្និតជាមួយអង្គការ FAO ក្នុងការប្រារព្ធក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ដើម្បីជំរុញការវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និងជំរុញការវិនិយោគលើកសិផលសក្តានុពលរបស់កម្ពុជាប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ថែមទៀត៕ អត្ថបទ៖ ហ្សាលីន


