សាលាពុទ្ធិកបឋមសិក្សាសម្ដេច នន្ទ ង៉ែត អង្គប្រីយ៍ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រឡងយកវិញ្ញាបនបត្រធម្មវិន័យត្រី ទោ ឯក នៅមណ្ឌលវត្តអង្គប្រីយ៍ ដែលរៀបចំឡើងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ដែលមានព្រះសង្ឃចូលរួមប្រមាណ ៥០០អង្គ។

តាមការបញ្ជាក់ពីភិក្ខុសច្ចភាណកោ សែម សុភា ព្រះចៅអធិការវត្តធម្មនិមិត្ត អង្គប្រីយ៍ នាយកស្ថានីយ៍វិទ្យុគុណធម៌ និងជានាយកសាលាពុទ្ធិកបឋមសិក្សាសម្ដេចនន្ទង៉ែត អង្គប្រីយ៍ ដំណើរការប្រឡងនេះនឹងមានបេក្ខសមណមកពី ៤០វត្ត នៅទូទាំងស្រុកសំរោង ខេត្ដតាកែវ។
ឆ្លៀតនៅក្នុងឱកាសនេះ ក្នុងនាមជាព្រះចៅអធិការ និងជានាយកសាលា ភិក្ខុសច្ចភាណកោ សែម សុភា សូមអារាធនា និមន្តអញ្ជើញព្រះតេជគុណម្ចាស់ ពុទ្ធបរិស័ទអ្នកមានចិត្តបុណ្យទាំងអស់ គ្រប់ទិសទីព្រះមេត្តា និមន្តអញ្ជើញចូលរួមអោយបានច្រើនកុះករ ក្នុងន័យរួមចំណែកលើកទឹកព្រះទ័យដល់ព្រះសង្ឃ ជាបេក្ខសមណនិងទ្រទ្រង់វិស័យពុទ្ធិកសិក្សាដែលជាឆ្អឹងខ្នងរបស់ព្រះពុទ្ធសាសនា ឱ្យកាន់តែរីកចម្រើន រុងរឿងស្ថិតស្ថេរចីរកាលតរៀងទៅ។
ប្រសិនបើពុទ្ធបរិស័ទមានសទ្ធាចូលរួមឧបត្ថម្ភកម្មវិធីប្រលងធម្មវិន័យនេះ អាចចូលរួមបានតាម ដោយ៖
- បបរមួយខ្ទះ មានតម្លៃ ៥៣៣០០០រៀល ឬស្មើនឹង ១៣០ ដុល្លារ
- ចង្ហាន់ត្រង់មួយ ១តុ មានតម្លៃ ២០ម៉ឺនរៀលឬ ៥០ ដុល្លារ
- ភេសជ្ជៈកូកាកូឡា ១កេះ មានតម្លៃ ៣៦៥០០ រៀល, ទឹកសុទ្ធវីតាល់ ១កេះ មានតម្លៃ ២៨០០០ រៀល
ពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លា សូមទាក់ទងមក ភិក្ខុសច្ចភាណកោ សែម សុភា តាមរយៈទូរស័ទ្ទលេខ៖ ០៩២ ៥០៥ ០០០, ០៩៦ ៥០៥ ០០០០, ០៩៧ ៥០៥ ០០០០។
សូមជម្រាបជូនថា សាលា ពុទ្ធិកបឋមសិក្សាសម្ដេច នន្ទ ង៉ែត អង្គប្រីយ៍ មានឈ្មោះពេញថា «សាលាពុទ្ធិកបឋមសិក្សា សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត អង្គប្រីយ៍» មានទីតាំងនៅក្នុងភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ សាលានេះបង្កើតឡើងនៅឆ្នាំ២០១១ ដោយក្រសួងធម្មការនិងសាសនា ក្រោមព្រះរាជតម្រិះរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងការជួយឧបត្ថម្ភជ្រោមជ្រែង យ៉ាងពេញទំហឹងពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត និង លោកជំទាវ ឈាង ឡាង ។
តែជាអកុសលចាប់ពីឆ្នាំ២០១៤-២០១៧ សាលាពុទ្ធិកនេះត្រូវបានបិទទ្វារដោយគ្មានដំណើរអប់រំឡើយ ហើយសាលាបាលីនេះបានប្រែក្លាយជាឃ្លាំង ដាក់ឧស ដាក់សម្ភារៈ និងជាកន្លែងសត្វកណ្តៀពូនដីទៅវិញ។
នៅចុងឆ្នាំ២០១៧ ក្រោយពីមានការយកព្រះទ័យទុកដាក់ពីសំណាក់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី នន្ទ ង៉ែត និង សម្តេចព្រះពុទ្ធជ័យមុន្នី ឃឹម សន ដោយចំណារដល់មន្ត្រីសង្ឃ ក្រោមឱវាទ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យមានការប្រជុំឯកភាពគ្នាក្នុងការរៀបចំរចនាសម្ព័ន្ធមន្ត្រីសង្ឃ និងសាលាពុទ្ធិកបឋមសិក្សា សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត អង្គប្រីយ៍ នេះឡើងវិញ ដោយនិមន្ត ភិក្ខុសច្ចភាណកោ សែម សុភាព្រះគ្រូសូត្រឆ្វេងវត្តប្រាសាទនាងខ្មៅ មកគង់ជាព្រះចៅអធិការវត្តធម្មនិមិត្ត អង្គប្រីយ៍ កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់សព្វថ្ងៃនេះ៕

















