ក្រុមហ៊ុនមួយរបស់ចិន កំពុងពិនិត្យលទ្ធភាពវិនិយោគលើការកែច្នៃដំឡូងមីដោយផ្ទាល់នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Sublime China Co.,Ltd បានចូលជួបពិភាក្សាការងារជាមួយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពិនិត្យលទ្ធភាពវិនិយោគលើការកែច្នៃដំឡូងមីដោយផ្ទាល់នៅកម្ពុជា និងស្នើការគាំទ្រពីក្រសួងកសិកម្មក្នុងការចូលរួមសហការជាមួយសហគមន៍កសិកម្ម ក្នុងការធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ដំឡូងមី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងជំនួបខាងលើ រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងដំណាំដំឡូងមី ក្រសួងកសិកម្មត្រូវការដៃគូសហការល្អក្នុងការកែច្នៃនាំចេញនូវផលិតផលសម្រេចទៅកាន់ទីផ្សារក្រៅប្រទេស ដោយទទួលទិញពីប្រជាកសិករក្នុងតម្លៃសមរម្យ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ រក្សាស្ថិរភាពថ្លៃដល់កសិករ និងអនុវត្តការងារមានលក្ខណៈយូរអង្វែង។

លោកបានបញ្ជាក់បន្ថែមថា ការងារនេះទាមទារឱ្យមានការសិក្សាឱ្យបានស៊ីជម្រៅ មានផែនការវិនិយោគច្បាស់លាស់ មានស្តង់ដាការងារត្រឹមត្រូវ និងអាចតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ ដោយមានអ្នកទទួលទិញពីកសិករ អ្នកកែច្នៃផលិតផល និងក្រុមហ៊ុនភស្តុភារកម្ម ដោយក្រសួងនឹងជួយគាំទ្រផ្នែកបច្ចេកទេស និងច្បាប់បទដ្ឋាននានាដើម្បីជួយសម្របសម្រួលឱ្យការវិនិយោគនេះមានលទ្ធផលល្អ រលូន និងជួយដល់ប្រជាកសិករបានយ៉ាងពិតប្រាកដ។

លើសពីនេះ លោករដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍តម្រង់ទិសដល់ក្រុមហ៊ុនចិន បន្តសហការធ្វើការជាមួយក្រសួងកសិកម្មក្នុងការងារនេះ និងបានលើកទឹកចិត្តក្នុងការវិនិយោគនៅប៉ែកឦសានរួមមានខេត្តមណ្ឌលគីរី ខេត្តរតនៈគីរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ៕