កម្ពុជាទទួលទិញវ៉ាក់សាំងណាដែលទទួលស្គាល់ពីអង្គការសុខភាពពិភពលោក កម្ពុជានឹងមិនយកពលរដ្ឋខ្លួន ធ្វើតេស្តវ៉ាក់សាំងសម្រាប់ក្រុមហ៊ុន ឬប្រទេសណាមួយនោះទេ ។ នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ថ្លែងសារពិសេសជូនជនរួមជាតិ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
សម្តេចតេជោ បានផ្តល់អានុសាសន៍ឲ្យក្រសួងសុខាភិបាល មិនត្រូវយកវ៉ាសាំងណាដែលមិនទាន់បានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។
នេះគឺជា «គោលជំហរដាច់ខាត» របស់ខ្ញុំ (សម្ដេចតេជោ) ។
នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចជោ ហ៊ុន សែន បានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ហើយដោយស្ថិតក្នុងស្ថានភាពដែលប្រទេសកម្ពុជានៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេចបានណែនាំរដ្ឋមន្ត្រីទាំង២រូប ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនកម្ពុជា ហើយសម្តេចសង្ឃឹមថា ដៃគូអភិវឌ្ឍន៍នឹងផ្តល់ជំនួយដល់ប្រជាជនកម្ពុជា ឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យ។