គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ សាងសង់បាន ១០០%ហើយ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ) សម្រេចការសាងសង់បាន១០០%ហើយ។នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសាធារណការ បានឱ្យដឹងថា កាលពីទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៤១ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យលទ្ធផលការងារសាងសង់ផ្លូវជាតិលេខ៤១ ដើម្បីធ្វើការប្រគល់-ទទួលជាបណ្តោះអាសន្ន។

ការចុះពិនិត្យលើវឌ្ឍនភាពការងារនេះ ដើម្បីឈានទៅដំណាក់កាល នៃការប្រគល់-ទទួលបណ្តោះអាសន្ន មានន័យថាគម្រោងនេះសម្រេចលទ្ធផលសាងសង់បានរួចរាល់ទាំងស្រុងហើយ ដោយមានការយកចិត្តទុកដាក់ពី លោករដ្ឋលេខាធិការ តែងបានចុះពិនិត្យផ្ទាល់ជាប្រចាំ តាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ដើម្បីធានាការអនុវត្តប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ សំដៅពង្រឹងគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

បើតាមក្រសួងសាធារណការ គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤ ការអនុវត្តគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ សម្រេចបានលទ្ធផលបាន ១០០% ហើយ ដោយក្នុងនោះ ការងារអ៊ុតកៅស៊ូ AC បានបញ្ចប់១០០% ការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ ក៏បានបញ្ចប់រួចរាល់មុនធ្វើការប្រគល់-ទទួល ជាបណ្តោះអាសន្នផងដែរ។

សូមបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ(PK000+000 – PK095+270) ចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល (ចំណុចប្រសព្វផ្លូវជាតិលេខ ៤) រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត (ចំណុចផ្លូវជាតិលេខ ៣)៕