ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានសហជាមួយនឹងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Financial Cooperation – IFC) នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាអនឡាញដ៏សំខាន់មួយស្តីពី “ការអនុវត្តការប្រមូលល្អក្នុងការផ្តល់ឥណទានខ្នាតតូច៖ តុល្យភាពគោលដៅអាជីវកម្មជាមួយនឹងសុចរិតភាព”។
សិក្ខាសាលានេះមានគោលបំណងបង្កើនការយល់ដឹង និងពង្រឹងការអនុវត្តក្នុងការប្រមូលឥណទានប្រកបដោយក្រមសីលធម៌និងប្រសិទ្ធភាពក្នុងវិស័យមីក្រូហិរញ្ញវត្ថុនិងឥណទានខ្នាតតូចនៅកម្ពុជា ខណៈពេលដែលរក្សានូវតុល្យភាពគោលដៅអាជីវកម្មជាមួយនឹងកិច្ចការពារអតិថិជនក៏ដូចជាជំរុញការផ្តល់ឥណទានប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវ។
ប្រធានបទសំខាន់ៗដែលបានលើកយកទៅជជែកពិភាក្សាក្នុងកិច្ចប្រជុំរួមមាន៖ តួនាទីដ៏សំខាន់នៃការប្រមូលឥណទានខ្នាតតូចប្រកបដោយប្រសិទ្ធភាព,ការកំណត់ស្តង់ដារដ៏ល្អនៅក្នុងការប្រមូលឥណទានខ្នាតតូច,យុទ្ធសាស្ត្រអនុវត្តជោគជ័យនិងប្រមូលឥណទានប្រកបដោយក្រមសីលធម៌ ,ករណីសិក្សាលើការប្រមូលឥណទានល្អនឹងមិនបានល្អ ។
សិក្ខាសាលាដដែលនេះបានផ្តោតលើសារៈសំខាន់នៃការចាត់ទុកអតិថិជនថាជាដៃគូ ការជំរុញការជឿទុកចិត្ត និងការកំណត់អាទិភាពវិធីសាស្រ្តប្រមូលឥណទានប្រកបដោយក្រមសីលធម៌ដើម្បីគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច។
កិច្ចប្រជុំដឹកនាំដោយលោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏មានការចូលរួមពីលោក លោក Jinchang Lai នាយកប្រតិបត្តិការមកពី IFC លោកស្រី Pauline Tee ជាវាគ្មិនក្នុងកម្មវិធី ព្រមទាំងតំណាងគ្រឹះស្ថានសមាជិកសមាគមប្រមាណជិត ១០០នាក់ ដែលការចូលរួមទាំងនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងគោលដៅជំរុញប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត៕